(តេហេរ៉ង់)៖ រដ្ឋមន្ត្រីប្រេងរបស់អ៊ីរ៉ង់លោក បាយហ្សាន ហ្សាងជែណេហ៍ (Bijan Zangeneh) បានបញ្ជាក់ព័ត៌មានបន្ថែមនាដើមសប្តាហ៍នេះថា ភោគទ្រព្យប្រេងថ្មីដែលអ៊ីរ៉ង់ទើបបានរកឃើញ នៅក្នុងខេត្ត ឃូហ្សេស្ថាន (Khuzestan) ភាគនិរតីនៃប្រទេសនោះ មានប្រេងឆៅសរុបជាង ៦៥ពាន់លានបារ៉ែល ដែលចំនួននេះគឺជាការបង្កើនភោគទ្រព្យប្រេងបម្រុងរបស់ជាតិ រហូតដល់ទៅ ២៥%បន្ថែម ស្មើនឹងចំនួនប្រេងឆៅសរុបដែលអ៊ីរ៉ង់មានកើនឡើងដល់ ២១០ពាន់លានបារ៉ែល។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ខាងលើនេះ គឺជាការបន្ថែមពីលើចំនួនចាស់ ដែលប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) ទើបបានប្រកាសកាលពីចុងសប្តាហ៍មុន។ វាគឺជាព័ត៌មានដ៏រំភើបបំផុតមួយសម្រាប់ប្រជាជាតិអ៊ីរ៉ង់ ស្ថិតនៅចំពោះមុខទណ្ឌកម្មដ៏ខ្មៅងងឹត ដែលត្រូវបានដាក់ជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ Zangeneh បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាអណ្តូងប្រេងដ៏ធំបំផុតមួយ ក្នុងចំណោមអណ្តូងប្រេងធំៗផ្សេងទៀត ដែលមិនធ្លាប់ត្រូវបានរកឃើញនោះឡើយ នៅក្នុងប្រទេសប្រវត្តិសាស្ត្រ នៃឧស្សាហកម្មប្រេងអ៊ីរ៉ង់...។ កំនប់ប្រេងឆៅរាប់សិបពាន់លានបារ៉ែលថ្មីនេះ គឺស្ថិតនៅក្នុងស្រទាប់ខាងក្រោម នៃកំនប់ប្រេងដែលយើងធ្លាប់បានរកឃើញពីមុន ដោយវានៅរាយប៉ាយនៅក្នុងទំហំផ្ទៃដី ២,៤០០គីឡូម៉ែត្រក្រឡាចន្លោះទីក្រុង បូស្តាន (Bostan) និង អូមីឌីយែហ៍ (Omidiyeh) ភាគនិរតីអ៊ីរ៉ង់ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់...»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដោយយោងលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានប្រកាសដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយនៅក្នុងនោះទណ្ឌកម្មនោះ គឺបានហាមប្រទេសធំៗជាច្រើនដូចជា ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី ក្រិក និងសូម្បីតែកោះតៃវ៉ាន់ផងដែរ ក្នុងការរកស៊ីទិញដូរប្រេងជាមួយអ៊ីរ៉ង់ ប៉ុន្តែប្រទេសទាំងនេះបានទទួលការអនុញ្ញាតពិសេស ព្រោះតែភាពចាំបាច់នៃវិស័យជាច្រើន ដែលមិនបានអាចរកអ្វីផ្សេងមកជំនួសប្រេងពីអ៊ីរ៉ង់បានឡើយ៕