(ហុងកុង)៖ មន្ត្រីប៉ូលិសហុងកុងមួយរូបបានប្រើប្រាស់កាំភ្លើង បាញ់ទៅលើបាតុករពាក់ម៉ាស់ម្នាក់បណ្តាលឲ្យរងរបួស ដោយសារតែរូបគេបានធ្វើការតវ៉ាបំពានលើបំរាម ខណៈការតវ៉ាក្នុងទីក្រុងស្វយ័តចិនមួយនេះ កំពុងពុះកញ្ជ្រោលកាន់តែខ្លាំង ក្រោយការស្លាប់របស់និស្សិតម្នាក់ ដែលបានធ្លាក់ពីលើអគារមួយ កំឡុងការតវ៉ាកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

សកម្មភាពបាញ់ប្រហារនេះ ក៏ត្រូវបានក្រុមបាតុករធ្វើការ Live នៅក្នុងបណ្តាញសង្គម Facebook ផងដែរ ហើយវាត្រូវបានគេមើលឃើញថា នឹងក្លាយជាការដុតបញ្ឆេះកំហឹងបន្ថែមទៀត ទៅលើការបាត់បង់ជីវិតរបស់និស្សិតជាបាតុករ។ ប្រមាណជាង ៥ខែមកហើយដែលបាតុកម្ម នៅទីក្រុងហុងកុងបានផ្ទុះឡើង ដោយវាបានចាប់ផ្តើមដំបូងពីការរៀបចំសេចក្តីព្រាង នៃច្បាប់ធ្វើបត្យាប័នដែលបានបង្កឲ្យប្រជាជនហុងកុង ជាពិសេសបណ្តាក្រុមនិស្សិតមានការខឹងសម្បារ រហូតធ្វើការតវ៉ាឲ្យមានការលុបច្បាប់នេះចោលវិញ ហើយពួកគេក៏ទទួលបានជោគជ័យផងដែរ។

គួរបញ្ជាក់ថា ទោះបីជារដ្ឋបាលទីក្រុងហុងកុង បានដកថយអស់ជាច្រើនជំហាន ដើម្បីស្របតាមការចង់បាន របស់ក្រុមបាតុករក៏ដោយ ក៏បាតុកម្មហាក់គ្មានភាពស្ងប់ស្ងាត់នោះដែរ ព្រោះអ្វីដែលក្រុមបាតុករបាននិងកំពុងទាមទារបន្ថែមទៀតនោះ គឺការលាលែងចេញពីតំណែង របស់លោកអភិបាលក្រុង ខារី ឡាំ (Carrie Lam) ព្រមទាំងការរៀបចំបោះឆ្នោតជ្រើសរើស សមាជិកសភាក្រុងជាថ្មី ទៅតាមលក្ខខណ្ឌដែលក្រុមបាតុករកំណត់ទៀតផង។
ទោះបីជាបែបនេះក្តី ទីក្រុងប៉េកាំងដែលមានសិទ្ធិអំណាចធំលើទីក្រុងស្វយ័តមួយនេះ កាលពីសប្តាហ៍មុនបានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការដឹកនាំរបស់លោកស្រី ខារី ឡាំ ជាពិសេសគឺចំណាត់ការដើម្បីបង្ក្រាបបាតុកម្មហិង្សា និងបំពានច្បាប់៕