(វ៉ាស៊ីនតោន)៖ ទីបំផុតមហាសេដ្ឋីមុខជំនួញនៅញូយ៉ក លោក ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) បានសម្រេចចិត្តចូលរួមប្រកួតប្រជែង យកតំណែងបេក្ខភាពប្រធានាធិបតីអាមេរិក ដើម្បីឈានទៅប្រកួតប្រជែងជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ នោះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Bloomberg ទើបតែបានចុះឈ្មោះនៅរដ្ឋ អាឡាបាម៉ា (Alabama) សម្រាប់ការប្រកួតប្រជែងយកតំណែងជាបេក្ខជនចម្បង ឬជាបេក្ខភាពតែមួយគត់តំណាងបក្សប្រជាធិបតេយ្យ ដើម្បីបន្តទៅប្រកួតក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ ប្រការនេះនឹងធ្វើឲ្យលោកនៅស្ថិតក្នុងចំណោម «បេក្ខជនប្រធានាធិបតីសរុប ១៧រូប» នៃគណបក្សប្រជាធិបតេយ្យអាមេរិក ដែលក្នុងនោះក៏មានស្រ្តី ០៥នាក់ផងដែរ។

កាលពីខែមីនា ឆ្នាំ២០១៩ លោក Bloomberg ធ្លាប់បានប្រកាសថា លោកនឹងប្រឡងប្រណាំងយកតំណែងប្រធានាធិបតីនោះទេ ប៉ុន្តែឥឡូវគឺវាហាក់មិនយ៉ាងដូច្នោះឡើយ។

គួរជម្រាបថា បច្ចុប្បន្នបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិក ដែលមានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់រួមមានលោកស្រី អេលីហ្សាប៊ែត វ៉ារែន (Ellizabeth Warren), លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) និងលោក ចូ បៃដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីអាមេរិក។ បើតាមទស្សនាវដ្តី Forbes លោក Michael Bloomberg អាយុ ៧៧ឆ្នាំ គឺជាជនជាតិអាមេរិកមានជាងគេទី ៩ ជាមួយទ្រព្យសម្បត្តិខ្ទង់៥៧.១ពាន់លានដុល្លារ និង ជាបុគ្គលមានជាងគេទី១៤ នៅលើពិភពលោក ហើយលោកក៏ធ្លាប់កាន់តួនាទីជាអភិបាលក្រុងញូយ៉កផងដែរ។ ពាក់ព័ន្ធនឹងដំណឹងនៃការចូលរួមប្រកួតប្រជែងរបស់លោក Bloomberg ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសបង្ហោះសារឌឺដងដាក់លោក Bloomberg ថា លោកនឹងទទួលបរាជ័យថែមទៀតផង៕