(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទណ្ឌកម្មថ្មីទៀតហើយត្រូវបានទម្លាក់ទៅអ៊ីរ៉ង់ ក្នុងនោះអាមេរិកមានគោលដៅដាក់បន្ទុកលើ ក្រុមហ៊ុនសំណង់ និងពាណិជ្ជកម្មដែលផលិតគ្រឿងបរិក្ខាចំនួន ០៤ប្រភេទ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញារបស់ខ្លួនកាលពីមុន ដែលចង់ដាក់សម្ពាធសេដ្ឋកិច្ច ឲ្យកាន់តែធ្ងន់ធ្ងរឡើងៗប្រឆាំងហ្នឹងរបបដឹកនាំទីក្រុងតេហេរ៉ង់ ខណៈដែលទ្វារចរចាផ្នែកការទូតក៏នៅតែបន្ត ប៉ុន្តែវានឹងធ្វើឲ្យរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែពិបាក ក្នុងការសម្រេចការផលិតអាវុធនុយក្លេអ៊ែរ បើសិនជាប្រទេសអ៊ីស្លាមមួយនេះ កំពុងធ្វើដូចការចោទប្រកាន់របស់អាមេរិកមែននោះ។
គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ បានសម្រេចដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានបណ្តាប្រទេសមហាអំណាចចំនួន ០៦ (សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់) សម្រេចបាននៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥។ ការដកនេះបានកើតមានឡើង ក្រោយសហរដ្ឋអាមេរិកចោទប្រកាន់ថា អ៊ីរ៉ង់មិនដែលគោរពតាមកិច្ចព្រមព្រៀងនោះឡើយ ហើយកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ច និងឥទ្ធិពលអាមេរិកត្រូវចុះថយ៕