(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាសាកសពរបស់ អាប៊ូបាកើ អាល់បាដដាឌី (Abu Bakr al-Baghdadi) ត្រូវបានយកទៅបោះចោលចូលក្នុងទឹកសមុទ្រ បន្ទាប់ពីមេ ISIS រូបនេះ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមក្រុមមន្ត្រីនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សាកសពរបស់ អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានយកទៅបោះចោលចូលក្នុងទឹកសមុទ្រមួយកន្លែងមិនបញ្ជាក់ទីតាំង ដូចគ្នាទៅនឹងសាកសពរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden ដែលត្រូវបានយោធាអាមេរិកបោះចោលចូលទឹកសមុទ្រ បន្ទាប់ពីត្រូវបានសម្លាប់កាលពីឆ្នាំ២០១១ នៅប្រទេសប៉ាគីស្ថាន។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅ បានទទួលស្គាល់ជាផ្លូវការថា អាប៊ូបាកើ អាល់បាដដាឌី ពិតជាបានស្លាប់ប្រាកដមែន ដោយមេ ISIS រូបនេះបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងកូនបីនាក់ ក្នុងរូងក្រោមដីមួយកន្លែងស្ថិតនៅភូមិ Barisha នៃខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ក្រោយត្រូវ បានតាមប្រមាញ់ដោយកងកុម៉្មង់ដូរ ពិសេសអាមេរិក។

ការបំផ្ទុះគ្រាប់បែកបានធ្វើឱ្យសាកសពមេ ISIS ខ្ទេចជាច្រើនបំណែក តែលោក ត្រាំ អះអាងថាការធ្វើតេស្ដ DNA នៅហ្នឹងកន្លែងបង្ហាញថា អាល់បាដដាឌី ពិតជាបានស្លាប់មែន ហើយនៅក្នុងប្រតិបត្តិការវាយឆ្មក់កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ មិនមានយោធាអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ដោយគ្រាន់តែឆ្កែមួយក្បាល រងរបួសធ្ងន់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុណ្ណោះ៕