(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទាស់សម្តីជាមួយប្រធានសភាតំណាងរាស្រ្តលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ក្រោយជំនួបទល់មុខគ្នាលើកដំបូង គិតចាប់តាំងពីការបើកនីតិវិធីស៊ើបអង្កេតដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

ជម្លោះខាងលើបានកើតឡើង ក្រោយការបើកកិច្ចប្រជុំមួយនៅសេតវិមានស្តីពីបញ្ហាស៊ីរី។ ក្រោយកិច្ចប្រជុំនេះចប់ លោកស្រី Pelosi បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញប្រាប់សាធារណជនថា លោក ត្រាំ ពុំចេះទប់អារម្មណ៍ខ្លួនឯងទេ ដោយលោកបានប្រើពាក្យសម្តីមើលស្រាលលោកស្រី។ រីឯលោក ត្រាំ បានបង្ហោះរូបភាពជាបន្តបន្ទាប់នៃទិដ្ឋភាពកំឡុងកិច្ចប្រជុំខាងលើ និងបានរិះគន់លោកស្រី Pelosi ថា លោកស្រីទៅវិញទេដែលមានបញ្ហាផ្លូវចិត្ត មិនចេះទប់អារម្មណ៍ខ្លួនឯង ហើយនាំគ្នាដើរចេញពីកិច្ចប្រជុំ។

ក្រោយមកក៏លោកស្រី Pelosi បានប្តូររូបថត Cover នៃគណនី Twitter របស់លោកស្រី ដែលទំនងជាការឌឺដងដាក់គ្នាលោក ត្រាំ វិញ បើទោះបីជាលោកស្រីមិនបាន សរសេរសារអ្វីក៏ដោយ។ មិនបង្អង់យូរ លោក ត្រាំ ក៏បានបង្ហោះសារបន្តរិះគន់លោកស្រី Pelosi បន្ថែមទៀត។

គួរជម្រាបថា ការអង្គុយជួបមុខគ្នារវាងលោកស្រី Nancy Pelosi និងលោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងជាលើកដំបូង គិតចាប់តាំងពីសភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមការស៊ើបអង្កេតសំដៅទម្លាក់លោក ត្រាំ ចេញពីអំណាចក្រោយការលេចធ្លាយព័ត៌មានថា លោក ត្រាំ ទំនងជាបានប៉ុនប៉ងដាក់សម្ពាធមេដឹកនាំបរទេស ឲ្យកម្ចាត់គូប្រជែងផ្នែកនយោបាយរបស់ខ្លួន៕