(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានការពារការសម្រេចចិត្តរបស់លោកជាមួយការបញ្ជាក់ជាថ្មីថា ប្រតិបត្តិការយោធាកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី មិនមែនជាបញ្ហារបស់សហរដ្ឋអាមេរិកឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ នៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ និងចំពេលលោកកំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដកកងទ័ពអាមេរិក ចេញពីតំបន់ភាគខាងជើងប្រទេសស៊ីរី ដោយទុកឱ្យក្រុមសកម្មប្រយុទ្ធឃើដ ដែលជាអតីតសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវប្រឈមមុខនឹង ការវាយលុកពីយោធាតួកគីតែម្នាក់ឯង។

នាឱកាសនោះលោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រតិបត្តិការយោធារបស់តួកគីនៅស៊ីរី មិនមែនជាបញ្ហារបស់យើងឡើយ ហើយក៏មិនមែនជាបញ្ហាព្រំដែនរបស់យើងដែរ។ ដូច្នេះយើងមិនគួរចំណាយជីវិតកងទ័ពយើងណាម្នាក់ទេ... ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិក មិនមែនជាប៉ូលិសនោះទេ ហើយវាដល់ពេលហើយដែលយើងត្រូវត្រឡប់មកផ្ទះវិញ»

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយសម្រេចចិត្តដកកងទ័ពអាមេរិក ចេញពីតំបន់ភាគខាងជើងស៊ីរី ខណៈមជ្ឈដ្ឋានខ្លះចោទថា ការដកកងទ័ពនេះមានន័យស្មើនឹងសហរដ្ឋអាមេរិក បើកដៃឱ្យតួកគីធ្វើការវាយលុកកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ។

តែយ៉ាងណាក៏ដោយតួកគីក៏បានអះអាងដែរថា ប្រតិបត្តិការយោធារបស់ខ្លួន គឺមានគោលបំណងធំពីរ នោះគឺបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលខ្លួនចាត់ទុកថា ជាពួកភេរវករចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី និងបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរី ប៉ុន្តែបណ្តាប្រទេសធំៗស្ទើរតែទាំងអស់លើលោកដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងសហភាពអឺរ៉ុប មិនគាំទ្រទង្វើបែបនេះឡើយ៕