(អង់ការ៉ា)៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងតួកគី គឺប្រៀបបានទៅនឹងការដាក់ទោសប្រហារជីវិត លើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អឺដូហ្គាន់ ដែលកំពុងបើកប្រតិបត្តិការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការបកស្រាយពីអ្នកជំនាញអន្តរជាតិមួយរូប ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Sputnik នៅសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

លោក អាប់ឌុលឡាហ៍ បូសឃើត (Abdullah Bozkurt) អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ ដែលជាប្រធានមជ្ឈមណ្ឌល Stockholm ដើម្បីសេរីភាព ឬ Stockholm Centre for Freedom ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik កាលពីថ្ងៃអាទិត្យម្សិលមិញ និងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរជាទីបំផុតប្រឆាំងតួកគី ជុំវិញប្រតិបត្តិការយោធាបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី។

លោក Bozkurt បានបន្ថែមទៀតថា សេដ្ឋកិច្ចតួកគីគឺអាស្រ័យយ៉ាងខ្លាំងលើពាណិជ្ជកម្ម និងការវិនិយោគពីខាងក្រៅ ដូច្នេះហើយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងតួកគី គឺប្រៀបបានទៅនឹងការដាក់ទោសប្រហារជីវិត លើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អឺដូហ្គាន់ ព្រោះវាអាចនឹងធ្វើឱ្យសេដ្ឋកិច្ចតួកគីក្ស័យធន។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញរូបនេះយល់ថា លោក ដូណាល់ ត្រាំ និងលោក អឺដូហ្គាន់ ប្រាកដជាមានកិច្ចព្រមព្រៀងសំងាត់ជាមួយគ្នាមិនខាន មុននឹងទីក្រុងអង់ការ៉ាធ្វើប្រតិបត្តិកាយោធា ដោយមិនមានការរារាំងពីសហរដ្ឋអាមេរិក ខណៈកងទ័ពអាមេរិក ១,០០០នាក់ បានដកខ្លួនចេញពីតំបន់ដែលតួកគី និងឃើដកំពុងវាយប្រយុទ្ធគ្នាហើយ។

លើសពីនេះទៅទៀត ការបើកភ្លើងបៃតងឱ្យយោធាតួកគីវាយលុកចូលតំបន់ភាគខាងជើងស៊ីរី ក៏បានផ្ដល់ផលប្រយោជន៍ឱ្យលោក ត្រាំ នោះគឺជួយសម្រេចការសន្យាដកកងទ័ពអាមេរិកចេញស៊ីរី ដែលលោកផ្ទាល់ធ្លាប់បានសន្យាជាមួយប្រជាជនអាមេរិក ហើយមិនតែប៉ុណ្ណោះលោកក៏អាចទម្លាក់ការទទួលខុសត្រូវលើពួក ISIS ទៅឱ្យលោក អឺដូហ្គាន់ ផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដរបស់តួកគី បានឈានដល់ថ្ងៃទី ៦ ហើយពេលនេះយោធាតួកគីបានរុលចូលកាន់តែជ្រៅទៅក្នុងទឹកដីស៊ីរី ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថា កងទ័ពឃើដ និងកងទ័ពរដ្ឋាភិបាលស៊ីរី បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទប់ទល់នឹងការវាយលុកពីសំណាក់យោធាតួកគី។

ដោយឡែកក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបក៏បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងតួកគីផងដែរ ដោយក្នុងនោះប្រទេសអាល្លឺម៉ង់ និងបារាំង បានប្រកាសមុនគេពីការផ្អាកការលក់សព្វាវុធឱ្យទីក្រុងអង់ការ៉ា។ ប៉ុន្តែទីក្រុងអង់ការ៉ាបានព្រមានតបវិញថា ខ្លួននឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច៕