(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយសារតែព្យុះទីហ្វុងដ៏កំណាច ហាហ្គីប៊ីស (Hagibis) នៅក្នុងប្រទេសជប៉ុនបានកើនដល់ ៣៣នាក់ ហើយ ខណៈ១៩នាក់បាត់ខ្លួន និង ១៤៤នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Japan Times នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។

ជនរងគ្រោះទាំង ៣៣នាក់ខាងលើ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុង ខេត្ត Kanagawa, Tochigi, Gunma, Iwate, Miyagi, Fukushima, Chiba និងខេត្ត Saitama។ ព្យុះទីហ្វុង Hagibis ដែលត្រូវបានគេចាត់ទុកថា ជាព្យុះដ៏កំណាចបំផុតវាយប្រហារលើជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំនេះ បានចាប់ផ្តើមវាយប្រហារលើតំបន់ដីគោក Izu ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃសៅរ៍ជាមួយល្បឿនខ្យល់បក់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុនផ្ទះច្រើនជាង ៤០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្សរាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលយោធាជប៉ុន និងក្រុមអ្នកជួយសង្រ្គោះ ២៧,០០០នាក់ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis ត្រូវបានគេបញ្ជាក់ថា បាមបក់បោកទៅកាន់តំបន់សមុទ្រភាគខាងជើងជប៉ុនវិញនៅថ្ងៃអាទិត្យនេះ៕