(តូក្យូ)៖ ជប៉ុនបានបញ្ជូនកងទ័ព និងក្រុមអ្នកជួយសង្រ្គោះ ២៧,០០០នាក់ ឱ្យទៅចូលរួមក្នុងប្រតិបត្តិការ ជួយសង្រ្គោះប្រជាជនរងគ្រោះដោយសារតែព្យុះទីហ្វុង Hagibis ដែលបានផ្ដាច់ជីវិតមនុស្សកើនដល់១៨នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។

ព្យុះទីហ្វុង Hagibis ដែលត្រូវបានគេចាត់ទុកថា ជាព្យុះដ៏កំណាចបំផុតវាយប្រហារលើជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំនេះ បានវាយប្រហារលើតំបន់ដីគោក Izu ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍ ជាមួយល្បឿន ខ្យល់បក់ ២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះ អាសន្នផងដែរ។

ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានជប៉ុន NHK ចំនួនមនុស្សស្លាប់ដោយសារតែព្យុះទីហ្វុង Hagibis បានកើន ដល់១៨នាក់ហើយ ខណៈ១៣នាក់បាត់ខ្លួន និងជាង១៤៩នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះទាំង១៦នាក់ ខាងលើត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងខេត្ត Kanagawa, Tochigi, Gunma, Iwate, Miyagi, Fukushima, Chiba និងខេត្ត Saitama ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុន ផ្ទះច្រើនជាង ៤០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ហើយមនុស្សរាប់ លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរជប៉ុនកំពុងបន្តប្រតិបត្តិការ ជួយសង្រ្គោះ និងស្វែងរកមនុស្សបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងបក់បោកទៅកាន់តំបន់ សមុទ្រ នៅថ្ងៃអាទិត្យនេះ៕