(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា បូរណភាពទឹកដីស៊ីរី គួរតែត្រូវបានស្ដារឡើងវិញ យ៉ាងពេញលេញ ហើយរាល់កងទ័ពបរទេសទាំងអស់ រួមទាំងរុស្ស៊ីផងដែរគួរតែដកចេញ បើសិនជាទីក្រុងដាម៉ាស់ លែងត្រូវការជំនួយពីទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT ជាសាភាអារ៉ាប់ កាលពីថ្ងៃសុក្រកន្លងទៅ។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖ « រាល់ កងទ័ពបរទេសទាំងអស់ដែលត្រូវបានដាក់ពង្រាយដោយខុសច្បាប់នៅស៊ីរី ត្រូវតែចាកចេញ...ហើយជាការពិតណាស់ បើសិនជារដ្ឋាភិបាលស៊ីរី និយាយថាពួកគេលែងត្រូវការជំនួយពីយោធារុស្ស៊ីតទៅទៀត យើងក៏នឹងដកខ្លួនចេញពីស៊ីរី ដូចគ្នាដែរ»

គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក ពូទីន ធ្វើឡើងនៅចំពេលដែលយោធាតួកគី កំពុងវាយលុកចូលតំបន់ ភាគខាងជើងនៃប្រទេសស៊ីរី ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលទីក្រុងអង់ការ៉ា ចាត់ទុកជាពួកភេរវករ និងបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរី។ ប៉ុន្តែ បណ្ដាប្រទេសអឺរ៉ុបជាច្រើនបានថ្កាលទោស និងអំពាវនាវឱ្យតួកគី បញ្ឈប់ប្រតិបត្តិការយោធានេះជាបន្ទាន់ ខណៈបារាំងជាដើមបានប្រកាសផ្អាកលក់បរិក្ខាយោធា ឱ្យតួកគី៕