(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់រាជទាយាទ បានយល់ព្រមហើយឱ្យសហរដ្ឋអាមេរិក ដាក់ពង្រាយបរិក្ខាយោធា និងកងទ័ពបន្ថែមនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីមានការវាយប្រហារលើរោងចក្រប្រេង កាលពីខែកញ្ញាកន្លងទៅ ដែលទីក្រុងរីយ៉ាដ ចោទថាអ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA និងក្រោយសហរដ្ឋអាមេរិក ប្រកាសពីគំរោងដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម ៣,០០០នាក់ រួមទាំងបរិក្ខាយោធា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងប្រព័ន្ធការពារដែនអាកាសនៃសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ដែល កំពុងមានភាពតានតឹងស្រាប់ជាមួយអ៊ីរ៉ង់។

គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អារ៉ាប៊ីសាអូឌីត បានយល់ព្រមចេញថ្លៃចំណាយ លើការដាក់ពង្រាយកងទ័ព និងបរិក្ខាយោធា រីឯសារព័ត៌មាន SPA ក៏បានចាត់ទុកផងដែរថាកិច្ចព្រមព្រៀងនេះ គឺបង្ហាញពីភាពរឹងមាំ និងទំនាក់ទំនងជាប្រវតិ្តសាស្ត្ររវាងប្រទេសទាំងពីរ៕