(ម៉ូស្គូ)៖ កាលពីថ្ងៃសុក្រម្សិលមិញ វិមានក្រឹមឡាំងបានប្រាប់ថា ខ្លួននឹងពិចារណាលើការរៀបចំជំនួប រវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសឈីលី នាខែក្រោយ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ (Dmitry Peskov) បាននិយាយថា បច្ចុប្បន្ន គឺពុំមានផែនការរឹងមាំជាក់​លាក់ សម្រាប់ឲ្យជំនួបរវាងលោក ត្រាំ និង លោក ពូទីន ប្រព្រឹត្តទៅឡើយ ប៉ុន្តែវិមានក្រឹមឡាំងនឹងពិចារណា ក៏ដូចជាព្យាយាមដើម្បីឲ្យ​វាកើតឡើង។ កាលពីថ្ងៃអាទិត្យ មន្រ្តីវិមានក្រឹមឡាំង លោក យូរី អ៊ូស្សាកូវ (Yuri Ushakov) បានលើកឡើងថា ភាគីរុស្ស៊ីស្វាគមន៍​ជានិច្ច ក្នុងការបើកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបថា កិច្ចប្រជុំនៃបណ្តាមេដឹកនាំប្រទេសកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រារព្ធឡើងនៅឈីលី ចាប់ពី​ថ្ងៃទី១៦ ដល់ទី១៧ ខែវិច្ឆិកា ខាងមុខនេះ។ ដោយឡែក លើកចុងក្រោយដែល លោក ដូណាល់ ត្រាំ និង លោក វ៉្លាឌីមៀ ពូទីន បានជួបគ្នា គឺកំឡុងការចូលរួមកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុន កាលពីខែមិថុនាកន្លងទៅ៕ ​