(វ៉ាស៊ីនតោន)៖ យានអវកាស Dragon ស៊េរីថ្មីរបស់ក្រុមហ៊ុនអវកាស SpaceX នឹងរួចរាល់សម្រាប់ការនាំយកអវកាសយានិក​ ឡើងទៅកាន់លំហអវកាសជាលើកដំបូង នៅកំឡុងត្រីមាសទីមួយនៃឆ្នាំ២០២០ ប្រសិនបើការធ្វើតេស្តនានា ក្នុងពេលខាងមុខ ប្រព្រឹត្តទៅតាមការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

ប្រធានទីភ្នាក់ងារអវកាសអាមេរិក លោក Jim Bridenstine បានបង្ហាញក្តីសង្ឃឹមដូចខាងលើ បន្ទាប់ពីលោកបានចុះទស្សនកិច្ច​នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋ Hawthorne នៃរដ្ឋកាលីហ្វរញ៉ា រួមជាមួយវត្តមាននាយកប្រតិបត្តិរបស់ SpaceX គឺ លោក Elon Musk។ យ៉ាងណាមិញ លោក Bridenstine បានបញ្ជាក់ថា កាលបរិឆ្ឆេទខាងលើ គឺអាស្រ័យទៅលើ​​គម្រោងធ្វើតេស្តមួយចំនួនលើយាន Dragon ដែល SpaceX នឹងធ្វើឡើងជាបន្តបន្ទាប់ក្នុងនាពេលខាងមុខ។

លោកប្រធានអង្គការ NASA បានបន្ថែមថា ការអភិវឌ្ឍយាន Dragon ថ្មីដោយជោគជ័យ គឺជាកូនសោដ៏សំខាន់ ដើម្បីឈានទៅ​សម្រេចគោលដៅចម្បងរបស់ NASA គឺការនាំយកអវកាសយានិកអាមេរិកឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតនិងយានអវកាស​​​របស់អាមេរិក ចេញពីទឹកដីរបស់សហរដ្ឋអាមេរិកផ្ទាល់តែម្តង គិតចាប់តាំងតែពីកម្មវិធីយាន Space Shuttle បានបិទបញ្ចប់ទៅ​កាលពីឆ្នាំ២០១១។

គួរជម្រាបថា កន្លងទៅទីភ្នាក់ងារអវកាស NASA និង SpaceX មានគោលដៅធ្វើតេស្តហោះហើរយាន Dragon ស៊េរីថ្មី ហៅថា Crew Dragon ជាលើកដំបូង ជាមួយអវកាសយានិកពីរនាក់ ដើម្បីឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ នៅក្នុងឆ្នាំ២០១៩​នេះ​ ប៉ុន្តែការធ្វើតេស្តកន្លងមកបានជួបបញ្ហាមួយចំនួន៕