(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ូណូ ឡឺ មែរ (Bruno Le Maire) នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើផលិតផលអាមេរិក បើសិនជាគ្មានការផ្សះផ្សាជម្លោះពាណិជ្ជកម្ម ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មយន្ដហោះ ជាមួយទីក្រុងវ៉ាស៊ីនតោនទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើនរូប នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុប ក្នុងទីក្រុងនៃប្រទេសលុចហ្សំបួ (Luxembourg) លោក Bruno Le Maire បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកគួរតែដឹងថា បើសិនជាគ្មានការផ្សះផ្សាជម្លោះទេ នោះសហភាពអឺរ៉ុបគ្មានជម្រើសអ្វីផ្សេងក្រៅតែពីចាត់វិធានការ ដាក់ទណ្ឌកម្មលើផលិតផលអាមេរិក»

គួរជម្រាបថា កាលពីសប្ដាហ៍មុនសហរដ្ឋអាមេរិកបានប្រកាសពីការដំឡើងពន្ធ លើផលិតផលនាំចូលពីសហភាពអឺរ៉ុបមានតម្លៃជាង ៧.៥ពាន់លានដុល្លារ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះដោយចោទថា សហភាពអឺរ៉ុបបានលួចជួយក្រុមហ៊ុនផលិតយន្ដហោះ Airbus ដោយខុសច្បាប់ ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing៕