(គែរ)៖ សម្ព័ន្ធអារ៉ាប់នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីប្រតិបត្តិការ យោធារបស់តួកគី ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ ក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ការសម្រេចចិត្តបើកកិច្ចប្រជុំបន្ទាន់ខាងលើ ធ្វើឡើងតបតាមសំណើរបស់ប្រទេសអេហ្ស៊ីប ដោយរដ្ឋមន្ត្រីការបរទេសនៃសមាជិកសម្ព័ន្ធអារ៉ាប់ នឹងត្រូវជួបប្រជុំគ្នាក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ខណៈកងទ័ពតួកគី កំពុងបើកប្រតិបតិ្តការបោសសំអាតក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅភាគខាងជើងប្រទេសស៊ីរី។

គួរបញ្ជាក់ថា កងទ័ពតួកគី បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាវាយលុចចូលតំបន់ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃពុធម្សិលមិញ ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លូន និងកម្ទេចក្រុមសកម្ម ប្រយុទ្ធឃើដ YPG ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាពួកភេរវករ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសមិនលូកដៃ ចូលប្រតិបត្តិការយោធានេះ៕