(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់ បានណ្ដេញភ្ញៀវទេសចរចិនម្នាក់ ចេញពីដែនកោះមួយនេះ ដោយសារតែរូបគេបាន បំផ្លាញខិត្តប័ណ្ណគាំទ្របាតុករទីក្រុងហុងកុង ដែលបិទលើក្ដារខៀនព័ត៌មាន នៅឯសាកលវិទ្យាល័យជាតិ តៃវ៉ាន់ (NTU) កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍តៃវ៉ាន់ បុរសជាភ្ញៀវទេសចរចិនខាងលើ មានឈ្មោះ Li Shaodong ត្រូវបានបណ្ដេញចេញពីកោះតៃវ៉ាន់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ក្រោយ ត្រូវបានគេថតជាប់ក្នុងវីដេអូមួយដែលបង្ហាញថារូបគេបានបក និងបំផ្លាញខិត្តប័ណ្ណគាំទ្របាតុករ ទីក្រុងហុងកុង ដែលបិទលើក្ដារខៀនព័ត៌មាន នៅឯសាកលវិទ្យាល័យជាតិតៃវ៉ាន់។

ទីភ្នាក់ងារមួយនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «រដ្ឋាភិបាលរបស់យើងនឹងមិនអត់ឱនឱ្យឡើយ ចំពោះ សកម្មភាពខុសច្បាប់បែបនេះ ដែលបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ដោយចេតនាយ៉ាង ពិតប្រាកដ»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារអន្តោប្រវេសន៍តៃវ៉ាន់ លោក Li Shaodong ក៏ត្រូវបានហាមឃាត់ជាន់ដីតៃវ៉ាន់ រយៈពេល៥ឆ្នាំផងដែរ ខណៈការបណ្ដេញភ្ញៀវទេសចរចិនរូបនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យទីក្រុងប៉េកាំង ផ្ទុះកំហឹង៕