(វ៉ាស៊ីនតោន)៖ ក្រុមប្រតិភូចិនទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្ម បានសម្រេចចិត្តលុបចោលជំនួបជាមួយកសិករអាមេរិក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ប៉ុន្តែ មកទល់នឹងពេលនេះមិនទាន់មានការពន្យល់លម្អិតពីមូលហេតុ នៃការលុបចោលជំនួបនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមក្រុមមន្ត្រីអាមេរិក ក្រុមប្រតិភូចិនបានជិះយន្ដហោះត្រឡប់ទៅកាន់ប្រទេសចិន មុនកាលកំណត់ ហើយមន្ត្រីកសិកម្មអាមេរិកក៏បានទទួលស្គាល់ដែរថា ក្រុមប្រតិភូចិនបានលុបចោលជំនួបជាមួយកសិករនៅក្នុងរដ្ឋ ណេប្រាស្កាត (Nebraska)។ ជុំវិញនេះញបញ្ហាដែរ រដ្ឋមន្ត្រីកសិកម្មអាមេរិកលោក សុននី ភើដ (Sonny Perdue) បានឱ្យដឹងថា ជំនួបខាងលើគឺជាមធ្យោបាយមួយដែលបង្ហាញថា ចិនមានសុឆន្ទៈក្នុងការស្ដារទំនាក់ទំនងជាមួយកសិករអាមេរិក។

គួរបញ្ជាក់ថា បើតាមគម្រោងខាងប្រតិភូចិនដឹកនាំដោយអនុរដ្ឋមន្ត្រីកសិកម្ម និងកិច្ចការជនបទ លោក ហាន ជន (Han Jun) ត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុង បូហ្សេមែន (Bozeman) នៃរដ្ឋម៉ុនតាណា (Montana) និងទីក្រុង អូម៉ាហា (Omaha) នៃរដ្ឋ Nebraska ដើម្បីជួបជាមួយកសិករអាមេរិកជាមុនសិន មុននឹងត្រឡប់ទៅកាន់ប្រទេសចិញ។ សហរដ្ឋអាមេរិក និងចិនកំពុងតែព្យាយាមធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម មុននឹងប្រទេសទាំងពីរវិលចូលតុចរចាវិញ នៅក្នុងខែតុលាខាងមុខជាមួយទស្សនៈវិជ្ជមាន៕