(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានបញ្ជាក់ជាថ្មីឡើងវិញថា ប្រទេសម៉ាល់ឌីវមិនមែនកំពុងជាប់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះទេ ខណៈប្រទេសក្នុងតំបន់សមុទ្រឥណ្ឌាមួយនេះ កំពុងជំពាក់បំណុលទីក្រុងប៉េកាំងជាង ៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងនៅក្នុងជំនួបជាមួយសមភាគីម៉ាល់ឌីវ លោក អាប់ឌុលឡាហ៍ ហ្សាហ៊ីដ (Abdulla Shahid) នៅឯទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នាឱកាសនោះដែរលោកប្រមុខការទូតចិន បានលើកឡើងយ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយម៉ាល់ឌីវ គឺមានគោលដៅជួយលើកម្ពស់សុខមាលភាពប្រជាជនម៉ាល់ឌីវ ដោយគ្មានបង្កប់ចេតនានយោបាយ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយឡើយ... ពោលគឺចិនផ្ដល់ជំនួយដោយគ្មានលក្ខខណ្ឌ ហើយមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ម៉ាល់ឌីវឡើយ... ដូច្នេះគ្មានមូលដ្ឋាន ឬហេតុផលណាមួយថា ម៉ាល់ឌីវកំពុងជាប់ក្នុងអន្ទាក់បំណុលរបស់ចិននោះទេ»

គួរជម្រាបថា បច្ចុប្បន្នចិនត្រូវបានបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា កំពុងប្រើប្រាស់ជំនួយដល់ប្រទេសតូចៗនានានៅលើពិភពលោកជា «អន្ទាក់បំណុល»។ ប៉ុន្តែទីក្រុងប៉េកាំងបានទាត់ចោលរាល់ការចោទប្រកាន់ទាំងនេះ ដោយអះអាងថា ជំនួយរបស់ខ្លួនធ្វើឡើងដោយគ្មានលក្ខខណ្ឌនយោបាយអ្វីទាំងអស់ ហើយសន្យានឹងផ្ដល់ជំនួយទៅគ្រប់ទីកន្លែង ដែលប្រទេសលោកខាងលិចមិនរវីរវល់៕