(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៣០នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យជាប់ពាក់ព័ន្ធនឹង ការបង្កឱ្យមានភ្លើងឆេះព្រៃ ដែលកំពុងបំពុលបរិយាកាសស្ទើតែទូទាំងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសក្បែរខាងដូចជា ម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនខាងលើមានបុរសបីនាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនកាលពីថ្ងៃចន្ទ កំឡុងពេលព្យាយាមដុតព្រៃដើម្បីសំអាតដីធ្វើចម្ការនៅក្នុងឧទ្យានជាតិ ថេសសូនីឡូ (Tesso Nilo National Park) ដែលជាទីជម្រកសម្រាប់ដំរីជាង ១៤០ក្បាល។ បើតាមមន្ត្រីប៉ូលិសឥណ្ឌូណេស៊ី ក្នុងចំណោមមនុស្ស ២៣០នាក់ ដែលត្រូវបានចាប់ខ្លួន មានរាប់រយនាក់អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទបង្កឱ្យមានភ្លើងឆេះព្រៃ តាមរយៈការដុតព្រៃដើម្បីធ្វើចម្ការ។

គួរជម្រាបថា បញ្ហាភ្លើងឆេះព្រៃតែងតែកើតឡើងស្ទើតែជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយបញ្ហានេះក៏បានបង្កមានរកាំរកូស ផ្នែកទំនាក់ទំនងការទូតជាមួយប្រទេសក្បែរខាង និងនៅក្នុងតំបន់ផងដែរដូចជា សិង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម។ ជាក់ស្ដែងភ្លើងឆេះព្រៃបច្ចុប្បន្នបាននិងកំពុង បំពុលបរិយាកាសជាមួយផ្សែងយ៉ាងក្រាស់ក្រែល រហូតម៉ាឡេស៊ីសម្រេចចិត្តបិទសាលារៀនជាច្រើនកន្លែងទៀតផង។

ដោយឡែក អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីក៏បានឱ្យដឹងដែរថា ព្រៃឈើលើផ្ទៃដីច្រើនជាង ៣២៨,៧០០ហិកតាហើយ ត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃ ជាពិសេសនៅក្នុងខេត្ត រីអូ (Riau), ហ្សាំប៊ី (Jambi), ស៊ូម៉ាត្រាខាងត្បូង (South Sumatr), កាលីម៉ាន់តាន់ខាងលិច (West Kalimantan), កាលីម៉ាន់តាន់កណ្តាល (Central Kalimantan) និងខេត្ត កាលីម៉ាន់តាន់ខាងត្បូង (South Kalimantan) ខណៈពួកគេកំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើង៕