(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍នេះគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើខេត្តជ្វាខាងកើត ស្ថិតនៅប្រជុំកោះភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែមិនមានការប្រកាសសញ្ញាអាសន្នពី រលកយក្សស៊ូណាមិឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើដំបូងឡើយមានកម្រិត ៥.៦រ៉ិចទ័រ តែក្រោយមកបានកើនដល់ ៦.១រ៉ិចទ័រ ហើយវាកើតឡើងនៅម៉ោង ២៖០៦នាទីរសៀលនេះ (ម៉ោងក្នុងតំបន់)។ គ្រោះរញ្ជួយដីមានចំណុចរញ្ជួយនៅចំងាយ ៥៦គីឡូម៉ែត្រពីទីក្រុង ធូបាន (Tuban) នៃខេត្តជ្វាភាគខាងកើត ព្រមទាំងមានជម្រៅញ័ររញ្ជួយ ៦៥៦គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។

ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ អំពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាម្នាក់នោះទេ ខណៈគ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញប់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានសណ្ឋានដីស្ថិតលើតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក៕