(មជ្ឈិមបូព៌ា)៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថានឹងចូលរួមជាមួយ ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រតិបត្តិការល្បាត និងការពារកប៉ាល់ ដឹកប្រេង ឬទំនិញឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម លោក Salem al-Zaabi បានឱ្យដឹងទៀតថា អេមីរ៉ាតអារ៉ាប់រួម ធ្វើការសម្រេចចិត្តបែបនេះ ដោយចង់ ចូលរួមចំណែករក្សាសន្តិសុខថាមពលសកល និងបន្តផ្គត់ផ្គង់ថាមពលដល់សេដ្ឋកិច្ចសកល។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការសម្រេចចិត្តចូលរួមជាមួយក្រុមចម្រុះរបស់សហរដ្ឋអាមេរិក កើតមានឡើងតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ពីរកន្លែងរងការវាយប្រហារដោយយន្ដហោះ ដ្រូនកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទថាអ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ តែទីក្រុង តេហេរ៉ង់ បានបដិសេធ ហើយថែមទាំងព្រមានទុកជាមុនដែរថានឹងចាត់វិធានការយោធាសងសឹក វិញ ភ្លាមៗ បើសិនជាមានការវាយប្រហារណាមួយមកលើបូរណភាពទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រុមចម្រុះអន្តរជាតិល្បាតសមុទ្រ ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពី មានការវាយប្រហារលើកប៉ាល់ដឹកប្រេង ជាច្រើនលើកនៅឯឈូងសមុទ្រអូម៉ង់ កាលពីខែមិថុនា កន្លងទៅ ហើយការវាយប្រហារនេះទៀតសោត ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចោទថាជាស្នាដៃរបស់អ៊ីរ៉ង់ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធ ជាច្រើនដងក៏ដោយ។

ដោយឡែក ក្រៅពីសហរដ្ឋអាមេរិក ដែលជាក្បាលម៉ាស៊ីន ក្រុមចម្រុះអន្តរជាតិនេះក៏មានសមាជិក ដទៃទៀតដូចជា អារ៉ាប៊ីសាអូឌីត អូស្រ្តាលី បារ៉ែន អង់គ្លេស រួមទាំងអេមីរ៉ាតអារ៉ាប់រួម ផងដែរ ដែល នឹងត្រូវចូលក្នុងប្រតិបត្តិការល្បាត និងការពារកប៉ាល់ដឹកប្រេង ឬទំនិញរបស់ពួកគេឆ្លងកាត់តាម ច្រកសមុទ្រ Hormuz, Bab el-Mandab, សមុទ្រអូម៉ង់ និងឈូងសមុទ្រពែក៕