(ញូដេលី)៖ មានប្រទេសអាស៊ីមួយទៀតហើយ ដែលត្រូវបានអ្នកជំនាញមើលឃើញថា អាចជាអ្នកទទួលបានផលប្រយោជន៍ធំ ពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នោះគឺឥណ្ឌាដែលជាមហាយក្សទីពីរនៅតំបន់អាស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

កន្លងមកនេះ ប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍ដូចជាវៀតណាមជាដើម ត្រូវបានគេចាត់ទុកថា ជាអ្នកទទួលផលចំណេញខ្ពស់ ដោយសារជម្លោះផ្នែកពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលជាកំពូលមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។ ឥឡូវនេះយោងតាមអ្នកជំនាញនៃធនាគារដ៏ធំមួយរបស់សិង្ហបុរី DBS Bank ឥណ្ឌាក៏អាចជាប្រទេសអាស៊ី ដែលទទួលប្រយោជន៍ធំពីទំនាស់នេះដែរ។

នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ឥណ្ឌាអាចមានឱកាសពង្រឹងវិស័យពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសនៅក្រោមប្រភេទទំនិញ ដែលសហរដ្ឋអាមេរិកបានឡើងពន្ធលើចិន។ ម៉្យាងវិញទៀតឥណ្ឌាក៏មានឱកាសទទួលបានលំហូរវិនិយោគទុនពីបរទេស បន្ថែមកាន់តែច្រើនផងដែរ។ សេដ្ឋកិច្ចឥណ្ឌាត្រូវបានអ្នកជំនាញវាយតម្លៃថា អាចចំណេញបាន ១១ពាន់លានដុល្លារ ពីសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះ។

គួរជម្រាបថា កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ចៃសានការ (Jaishankar) ធ្លាប់បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្ស សេដ្ឋកិច្ចពិភពលោកទាំងពីរ ប្រហែលមិនមែនជារឿងអាក្រក់ណាស់ណាឡើយ ប្រសិនបើលទ្ធផលកើតចេញមក គឺការជ្រៀតចូលទីផ្សារដែលមានតម្លាភាពជាងមុននៅជុំវិញពិភពលោក ខណៈដែលប្រទេសភាគច្រើនគឺមានការព្រួយបារម្ភ។ មកទល់ពេលនេះ អាមេរិក និងចិនមិនទាន់អាចដោះស្រាយបញ្ហាវិវាទនេះបាននៅឡើយទេ ប៉ុន្តែនឹងចាប់ផ្តើមកិច្ចចរចាជាថ្មីនៅខែក្រោយ៕