(តូក្យូ)៖ សារព័ត៌មានជប៉ុន អាសាហ៊ិ ស៊ីមប៊ុន (Asahi Shimbun) បានឱ្យដឹងថា នៅពេលដែលនាវាចម្បាំងប្រភេទ អ៊ីហ្សូមុ (Izumo) ចំនួនពីរគ្រឿង ត្រូវបានបញ្ចប់ការអភិវឌ្ឍទាំងស្រុង ហើយក្លាយជានាវាផ្ទុកយន្ដហោះចម្បាំងជាផ្លូវការ នោះជប៉ុននឹងអនុញ្ញាតឱ្យយន្ដហោះចម្បាំង F-35B របស់កងម៉ារីនអាមេរិក ហោះចេញពីនាវាចម្បាំងនេះសិន មុននឹងទីក្រុងតូក្យូទទួលបានយន្ដហោះចម្បាំងទំនើបប្រភេទនេះ ទៅតាមកំណែប្រែដែលជប៉ុនត្រូវការ។ នេះបើតាមការដកស្រងព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានជប៉ុន Asahi Shimbun កងម៉ារីនអាមេរិក ក៏អាចប្រើប្រាស់នាវាចម្បាំង Izumo ជាកន្លែងហោះចេញ និងចុះចតរបស់ F-35B ជាបណ្ដោះអាសន្នផងដែរ រហូតដល់កងនាវិក និងកងទ័ពអាកាសជប៉ុនមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រតិបត្តិការពាក់ព័ន្ធនឹង F-35B ដោយខ្លួនឯង។ ការបង្កើតសមត្ថភាពការពារដែនទឹក និងអាកាសរបស់ជប៉ុន គឺត្រូវបានគេមើលឃើញថា ជាការត្រៀមដើម្បីទប់ទល់ឥទ្ធិពលចិន កូរ៉េខាងជើង និងរុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា Izumo មានទម្ងន់ ២៧,០០០តោន គឺជាប្រភេទនាវាពិឃាត ត្រូវបានផលិតឡើងសម្រាប់ឧទ្ធម្ភចក្រ មិនមែនយន្ដហោះចម្បាំងនោះទេ។ ប៉ុន្តែ កងម៉ារីនស្វ័យការពារជប៉ុនបានសម្រេចចិត្តកែប្រែ និងអភិវឌ្ឍនាវាចម្បាំងនេះ ឱ្យក្លាយទៅជានាវាផ្ទុកយន្ដហោះចម្បាំងវិញ ខណៈគេរំពឹងថា Izumo នឹងត្រូវ បញ្ចប់ការអភិវឌ្ឍទាំងស្រុងនៅឆ្នាំ២០២០ រីឯនាវាផ្ទុកយន្ដហោះចម្បាំង កាហ្គា (Kaga) នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២។

តែយ៉ាងនេះក្ដីបើតាម Asahi Shimbun កងម៉ារីនជប៉ុន ទំនងជានឹងមិនអាចទទួលបានយន្ដហោះចម្បាំង
F-35 ពីសហរដ្ឋអាមេរិកទាន់ការបញ្ចប់នេះទេ ពោលគឺរហូតដល់ឆ្នាំ២០២៤។ ទីក្រុងតូក្យូមានគម្រោងទិញ យន្ដហោះចម្បាំង F-35B ចំនួន ៤២គ្រឿង ពីសហរដ្ឋអាមេរិកដើម្បីបន្ថែមឱ្យដល់ ៦៣គ្រឿង ដែលជាប្រភេទយន្ដហោះ ប្រតិបត្តិការលើហោះឡើងធម្មតា ហើយការទិញយន្ដហោះបន្ថែមនេះទៀតមានតម្លៃ ១០ពាន់លានដុល្លារ ដោយមិនទាន់រាប់បញ្ចូលតម្លៃការបង្កើតសមត្ថភាព (software upgrades)៕

Advertising