(វ៉ាស៊ីនតោន)៖ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក នាថ្ងៃពុធសប្តាហ៍នេះបានធ្វើសន្និសីទសារព័ត៌មានមួយ ជាមួយមេដឹកនាំចលនាបាតុកម្មទីក្រុងហុងកុង លោក ចូលហ័រ វ៉ុង (Joshua Wong) រួមទាំងសកម្មជនហុងកុងមួយចំនួនទៀត ដើម្បីបង្ហាញការគាំទ្រដល់សេចក្តីព្រាងច្បាប់ ដែលសំដៅលូកដៃចូលបញ្ហានៅក្នុង ទីក្រុងស្វយ័តពិសេសរបស់ចិនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០១៩។

នាឱកាសនោះ លោកស្រី Pelosi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភានៃគណបក្សទាំងពីររបស់សហរដ្ឋអាមេរិក គាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់នេះ (សេចក្តីព្រាងច្បាប់ខាងលើ) ហើយពួកយើងឈរនៅជាមួយអ្នកគ្រប់គ្នា ដែលកំពុងតស៊ូជម្នះដើម្បីអនាគត ដែលពោរពេញដោយក្តីសង្ឃឹម និងសុខសន្តិភាព»

គណៈកម្មាធិការពាក់ព័ន្ធនៃសភាអាមេរិក នឹងត្រូវធ្វើការបោះឆ្នោតនៅសប្តាហ៍ក្រោយ លើសេចក្តីព្រាងច្បាប់នោះដែលមានគោលដៅ គាំទ្រដល់សិទ្ធិមនុស្សនៅហុងកុង ហើយចំណាត់ការដែលស្ថិតក្រោមការពិចារណា រួមមានការវាយតម្លៃប្រចាំឆ្នាំ លើឋានៈពិសេសរបស់ទីក្រុងហុងកុង ទាក់ទិននឹងច្បាប់កាលពីឆ្នាំ១៩៩២ របស់អាមេរិក និងការដាក់ទណ្ឌកម្មលើអ្នកដែលព្យាយាមរំលោភបំពានសិទ្ធិមនុស្ស ឬក៏បំផ្លាញសិទ្ធិស្វ័យភាពរបស់ទីក្រុងនេះជាដើម។ យ៉ាងណាមិញ មុនអាចចូលជាធរមានបាន វាត្រូវឆ្លងកាត់ការអនុម័តពីសភាទាំងពីរជាន់ថ្នាក់របស់អាមេរិក ព្រមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ទាល់។

ពាក់ព័ន្ធនឹងបញ្ហាបាតុកម្មនៅទីក្រុងហុងកុង លោក ត្រាំ នាពេលកន្លងមក បានបង្ហាញសញ្ញាលាយឡំគ្នាមួយចំនួន។ កាលពីខែសីហា លោកបានធ្វើឲ្យអ្នកគាំទ្រចលនាបាតុកម្មមានក្តីព្រួយបារម្ភ តាមរយៈការហៅសកម្មភាពតវ៉ានោះថា ជាកុបកម្ម។ ក្រោយមកលោកក៏បានអំពាវនាវឲ្យចិន​ដោះស្រាយបញ្ហាដ៏តានតឹងនេះដោយសន្តិវិធី។

គួរជម្រាបថា កំឡុងប៉ុន្មានថ្ងៃកន្លងទៅនេះ លោក Joshua Wong ដែលជាមេដឹកនាំចលនាបាតុកម្មនៅហុងកុង និងសកម្មជនហុងកុងមួយចំនួនទៀត បានចំណាយពេលនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្រសម្រាប់បុព្វហេតុរបស់ពួកគេ ដោយរួមមានទាំងការចូលផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ដោយឡែកទីក្រុងប៉េកាំងធ្លាប់បានព្រមានម្តងហើយម្តងទៀតថា កុំឲ្យបរទេសណាចេះទៅជ្រៀតជ្រែកបញ្ហាទីក្រុងហុងកុងឲ្យសោះ ព្រោះវាជាបញ្ហាផ្ទៃក្នុងរបស់ចិន៕

Advertising