(រីយ៉ាដ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានធ្វើដំណើរដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ម្សិលមិញនេះ និងបានចូលជួបព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត លោក Mohammed bin Salman ដើម្បីពិភាក្សាអំពីភាពតានតឹង ដែលបានកើនឡើងសាជាថ្មី ក្រោយមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីត ទើបតែបានទទួលរងការវាយប្រហារ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក Pompeo បានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីជជែកអំពីករណីវាយប្រហារ ដែលបានកើតឡើងកាលពីថ្ងៃ សៅរ៍ចុងសប្តាហ៍មុន ដែលសកម្មភាពនោះបានបង្កផលប៉ះពាល់គួរឲ្យកត់សម្គាល់ ដល់ការផ្គត់ផ្គង់ប្រេងជាសកល ដោយសារ តែ អារ៉ាប៊ីសាអូឌីតជាប្រទេសនាំចេញប្រេងនាំមុខគេ ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានមកដល់ទីក្រុង Jeddah របស់ អារ៉ាប៊ី សាអូឌីត នៅថ្ងៃពុធ ហើយគ្រាន់តែទៅដល់ភ្លាម លោក Pompeo បានហៅករណីវាយប្រហារនោះថា ជាការចង់ប្រកាសសង្រ្គាម និងបានលើកឡើងថា វាគឺជាស្នាដៃរបស់អ៊ីរ៉ង់មិនមែនក្រុមឧទ្ទាម Houthi នៅយេម៉ែនឡើយ។

លោក Pompeo បានចូលជួបរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីពិគ្រោះអំពីករណីខាងលើ ក៏ដូចជាវាយតម្លៃលើកិច្ចប្រឹងប្រែងរួមរវាងសម្ព័ន្ធមិត្ត ដើម្បីទប់ទល់ឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់ ហើយប្រទេសទាំងពីរបានឯកភាព គ្នាថា ទីក្រុងតេហេរ៉ង់ច្បាស់ជាអ្នកឈរនៅពីក្រោយការវាយប្រហារប្រាកដមែន។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន មូលដ្ឋានប្រេងពីរកន្លែងរបស់ក្រុមហ៊ុនប្រេងដ៏ធំ Aramco ដែលស្ថិតក្រោម ការគ្រប់គ្រង នៃរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឆាបឆេះដោយសារតែរងការវាយលុក ដោយយន្តហោះដ្រូន។ ក្រោយពេលវាយប្រហារ ក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែន បានចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ ប៉ុន្តែអាមេរិកបាន ចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត ខណៈអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់៕