(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ថា កូរ៉េខាងជើងអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះ ពី៣០ ដល់៤០គ្រាប់ នៅឆ្នាំ២០២០ខាងមុខនេះ ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានគេមើលឃើញថានៅតែបន្តអភិវឌ្ឍ កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

២៖ កន្លងទៅថ្មីៗនេះក្នុងការហោះហើរទៅកៀកភពព្រហស្បតិ៍ជាថ្មីម្តងទៀត យានអវកាស Juno បានប្រទះឃើញ ស្រមោលនៃព្រះច័ន្ទ អាយអូ (Io) នៅលើភពឧស្ម័នយក្សនោះ ដែលមិនសូវខុសពីព្រឹត្តិការណ៍លើផែនដីយើងនេះឡើយ៕

៣៖ ក្រោយពីបានធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្សយ៉ាងតិច ៤៨នាក់ ហើយក្តៅៗនៅប្រទេសអាហ្វហ្គីស្ថាន ក្រុមសកម្មប្រយុទ្ធតាលីបង់បាននិយាយថា ពួកគេនៅតែបើកចំហទ្វារឡើងវិញ ដើម្បីរង់ចាំការបន្តកិច្ចចរចាឡើងវិញ ជាមួយអាមេរិក៕

៤៖ ឥណ្ឌាធ្វើតេស្តបាញ់មីស៊ីលចេញពីយន្តហោះចម្បាំង Su-30MKI ដោយជោគជ័យ ដែលវាជាផលិតផលក្នុងស្រុក៕

៥៖ ក្រុមមេបញ្ជាការយោធាអាមេរិក បានបង្ហាញប្រាប់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នូវផែនការសំខាន់ៗ ដើម្បីវាយប្រហារលើមូលដ្ឋានប្រេងរបស់ប្រទេសអ៊ីរ៉ង់ ព្រោះតែការសង្ស័យថា អ៊ីរ៉ង់ជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារ លើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍មុនតែលោក ត្រាំ ពុំយល់ស្រប៕

៦៖ ប្រធានគណបក្ស ផាទី ឃាឌីឡាន រ៉ាក់យ៉ាត (PKR) លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងត្រូវផ្ទេរឲ្យលោក នៅយ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ ទៅតាមការព្រមព្រៀងរវាងគណបក្សរបស់លោក និងគណបក្ស ផាកាតាន់ ហារ៉ាផាន់ (PH) របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បច្ចុប្បន្នលោក មហាធៀ ម៉ូហាម៉ាត់៕