(បរទេស)៖ កន្លងទៅថ្មីៗនេះក្នុងការហោះហើរទៅកៀកភពព្រហស្បតិ៍ជាថ្មីម្តងទៀត យានអវកាស Juno បានប្រទះឃើញស្រមោលនៃព្រះច័ន្ទ អាយអូ (Io) នៅលើភពឧស្ម័នយក្សនោះ ដែលមិនសូវខុសពីព្រឹត្តិការណ៍លើផែនដីយើងនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា យាន Juno បានធ្វើការហោះឆ្វែលទៅកៀកភពព្រហស្បតិ៍ (Jupiter) ជាលើកទី ២២ កាលពីថ្ងៃទី១១ ខែកញ្ញា ហើយចំពេលដែលព្រះច័ន្ទ Io គោចរឆ្លងកាត់នៅចន្លោះព្រះអាទិត្យ និងភព Jupiter ដែលបង្កើតចេញជាបាតុភូតសូរគ្រាសនៅលើផ្ទៃភពព្រហស្បតិ៍។ ព្រះច័ន្ទ Io ចំណាយពេលត្រឹម ១.៧៧ថ្ងៃ ឬខ្ទង់ ៤២ម៉ោងប៉ុណ្ណោះ ដើម្បីធ្វើដំណើរក្រឡឹង Jupiter បានមួយជុំ ដែលវាពិតជាលឿនខ្លាំងណាស់។

គួរជម្រាបថា ព្រះច័ន្ទ Io ស្ថិតក្នុងចំណោមព្រះច័ន្ទធំៗទាំង ៤ របស់ភពព្រហស្បតិ៍ ហើយវាគោចរនៅកៀក Jupiter ជាងគេ ដែលជាហេតុធ្វើឲ្យស្រមោលរបស់វា អាចជះបានធំទៅលើផ្ទៃរបស់ភពឧស្ម័នយក្សនេះ។ ព្រះច័ន្ទនេះមានមុខកាត់ ១,៨២១គីឡូម៉ែត្រ ហើយវាមានភ្នំភ្លើងសកម្មដល់ទៅជាង ៤០០ឯណោះ។

ដោយឡែក សម្រាប់យានអវកាស Juno វិញមកទល់ពេលនេះ វាបានបន្តគោចរជុំវិញភពព្រហស្បតិ៍អស់រយៈពេលជាង ៣ឆ្នាំហើយ និងតែងតែធ្វើការហោះឆ្វែលទៅកៀក Jupiter ជារៀងរាល់ ៥៣ថ្ងៃម្តង។ គោលដៅចម្បងរបស់យាន Juno គឺសិក្សា និងប្រមែប្រមូល ទិន្នន័យអំពីបរិយាកាសដ៏ស្មុគស្មាញរបស់ភពព្រហស្បតិ៍ ដែលជាភពធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង៕