(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ បើសិនជានៅបន្តបំផ្លាញបរិស្ថានដូចរាល់ថ្ងៃនេះ ផែនដីនឹងកើនឡើងកម្តៅរហូតដល់ «៧អង្សាសេ» បន្ថែមទៀតនៅឆ្នាំ២១០០៕

២៖ ឆាប់ៗនេះយើងនឹងអាចដឹងបន្ថែមទៀត អំពីជោគវាសនាពិតប្រាកដរបស់ យានចុះចតនៃបេសកកម្ម Chandrayaan-2 របស់ឥណ្ឌា ដែលបានដាច់ការទាក់ទងពេលព្យាយាមចុះចត ទៅលើផ្ទៃព្រះច័ន្ទកាលពីថ្ងៃទី០៦ ខែកញ្ញា គឺតាមរយៈយានអវកាស LRO របស់ទីភ្នាក់ងារអវកាសអាមេរិក NASA៕

៣៖ រុស្ស៊ីបានបង្ហាញពីចេតនាលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ឱ្យទៅសេដ្ឋីប្រេងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសអាមេរិក បរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារ មកលើរោងចក្រប្រេងសំខាន់ៗ ចំនួនពីរកន្លែងនៅលើទឹកដីប្រទេសមជ្ឈិមបូព៌ាមួយនេះ៕

៤៖ វេណេស៊ុយអេឡាបានបង្កើតកិច្ចសន្ទនាថ្នាក់ជាតិមួយ ជាមួយគណបក្សនយោបាយជាច្រើន ដើម្បីជជែកវែកញែក ក៏ដូចជាស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗ បន្ទាប់ពីការបញ្ឈប់កិច្ចចរចា ជាមួយក្រុមបក្សប្រឆាំងរបស់លោក ហ្គៃដូ (Guaido) ដោយសារតែអាមេរិកប្រកាសដាក់ទណ្ឌកម្មបន្ថែម លើរបបដឹកនាំលោក ម៉ាឌូរ៉ូ កាលពីខែសីហា៕

៥៖ អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ជំងឺប៉េសជ្រូកអាហ្វ្រិកមួយករណីដំបូង ត្រូវបានរកឃើញហើយនៅក្នុងទីក្រុងផាជូ (Paju) ដែលជាប់ព្រំដែនជាមួយកូរ៉េខាងជើង ខណៈសេចក្តីប្រកាសត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីឲ្យកសិដ្ឋានចិញ្ចឹមសត្វជ្រូកទាំងអស់ ធ្វើការត្រួតពិនិត្យសុខភាពសត្វរបស់ខ្លួន៕

៦៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) បានថ្លែងនៅថ្ងៃអង្គារ នេះថា មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ទាំងអស់ បានបដិសេធជាឯកច្ឆន្ទតែម្តង នូវការពិភាក្សានានាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមហាអំណាចពិភពលោកនេះ បានធ្វើការចោទប្រកាន់អ៊ីរ៉ង់ដោយគ្មានភស្តុតាងថា ជាអ្នកវាយប្រហារលើរោងចក្រផលិតប្រេងអារ៉ាប៊ីសាអូឌីត៕