(ញូដេលី)៖ អ្នកជំនាញថាមពលឥណ្ឌា លោក Ravi Singh បាននិយាយថាការវាយប្រហារដោយយន្ដហោះ ដ្រូនលើរោងចក្រប្រេងរបស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Aramco អាចនឹងរំខានដល់ការផ្គត់ផ្គង់ ហើយធ្វើឱ្យ តម្លៃប្រេងនៅលើទីផ្សារពិភពលោកឡើងថ្លៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Ravi Singh បានពន្យល់ដូច្នេះថា៖ «បើទោះជា សហរដ្ឋអាមេរិកបានបង្កើនការផលិតប្រេងរបស់ខ្លួនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បី ក្លាយជាប្រទេសនាំចេញប្រេងដ៏ធំបំផុតនៅលើពិភពលោកក៏ដោយ តែពួកគេនៅតែបន្តដាក់កំហិតលើ ការនាំចេញប្រេង...ដូច្នេះ ចិន ជប៉ុន និងឥណ្ឌា ដែលជាប្រទេសនាំចូលប្រេងដ៏ធំពីអារ៉ាប៊ីសាអូឌីតនឹងទទួល ផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈការវាយប្រហារនេះបានបង្ខំឱ្យទីក្រុងរីយ៉ាដ កាត់ផ្ដាច់ការផលិតប្រេង រហូតដល់ជាងពាក់កណ្ដាល»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Ravi Singh គឺផ្ទុយទាំងស្រុងទៅនឹងការលើកឡើងរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអះអាងថាសហរដ្ឋអាមេរិក មិនត្រូវការប្រេងពីមជ្ឈិម បូព៌ាទេ ហើយសហរដ្ឋអាមេរិកមានប្រេងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងករណី ចាំបាច់។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត បានរងការវាយប្រហារដោយ យន្ដហោះដ្រូន រីឯអ៊ីរ៉ង់ត្រូវបានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ ចោទប្រកាន់ថាជាអ្នកនៅពីក្រោយការ វាយប្រហារនេះ។ តែទីក្រុងតេហេរ៉ង់បានបដិសេធ និងចាត់ទុកថាវាជាការចោទប្រកាន់គ្មានមូលដ្ឋាន៕