(អង់ការ៉ា)៖ រុស្ស៊ីបានបង្ហាញពីចេតនាលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ឱ្យទៅសេដ្ឋីប្រេងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសអាមេរិក បរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារ មកលើរោងចក្រប្រេងសំខាន់ៗ ចំនួនពីរកន្លែងនៅលើទឹកដីប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន News Week នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាម newsweek ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល ឱ្យអារ៉ាប៊ីសាអូឌីតយកទៅការពារខ្លួន ខណៈអ៊ីរ៉ង់កំពុងប្រើប្រាស់ប្រព័ន្ធមីស៊ីល S-300 និងតួកគីទើបតែចាប់ផ្ដើមដំឡើងប្រព័ន្ធមីស៊ីល S-400 កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីភាគីជាមួយសមភាគី អ៊ីរ៉ង់ និងតួកគី ក្នុងទីក្រុងអង់ការ៉ា នៅថ្ងៃចន្ទសប្ដាហ៍នេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអារ៉ាប៊ីសាអូឌីតអះអាងថា អាវុធដែលប្រើប្រាស់ក្នុងការវាយប្រហារលើរោងចក្រប្រេងរបស់ខ្លួន គឺមានប្រភពមកពីប្រទេសអ៊ីរ៉ង់ ហើយសូម្បីតែសហរដ្ឋអាមេរិកក៏បានចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះដែរ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ៕