(បរទេស)៖ រដ្ឋាភិបាលប្រទេសដីកោះសូឡូម៉ុន (Solomon) ដែលតំបន់ប៉ាស៊ីហ្វិក នាថ្ងៃចន្ទនេះ បានសម្រេចកាត់ផ្តាច់ចំណងការទូត ជាមួយកោះតៃវ៉ាន់ ហើយងាកទៅចាប់ដៃជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CGTN នៅយប់ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ព័ត៌មានដែលថាប្រទេស Solomon អាចនឹងបោះបង់ចោលកោះតៃវ៉ាន់នោះ គឺបានលេចឡើងមួយរយៈដែរមកហើយ។ ឥឡូវនេះ នៅទីបំផុតបន្ទាប់ពីបានធ្វើការថ្លឹងថ្លែងយ៉ាងហ្មត់ចង់អំពីផលប្រយោជន៍ ដែលខ្លួនអាចទទួលបានពីការផ្លាស់ប្តូទំនាក់ទំនងការទូត ពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុងប៉េកាំងវិញនោះ Solomom ក៏បានសម្រេចទម្លាក់តៃវ៉ាន់ចោល ហើយឈោងទៅកាន់ដៃចិនវិញ។

គួរជម្រាបថា ប្រការនេះ ធ្វើឲ្យទីក្រុងតៃប៉ិនៅសល់ប្រទេសចំនួនតែ១៦ប៉ុណ្ណោះ ដែលឈរនៅខាងខ្លួន។ កាលពីឆ្នាំ២០១៨ ប្រទេសបួគីណាហ្វាសូ នៅតំបន់អាហ្វ្រិក (Burkina Faso), សាធារណរដ្ឋដូមីនីក និងប្រទេសអែលសាវ៉ាឌ័រ សុទ្ធតែបានងាកចេញពីកោះតៃវ៉ាន់ ហើយងាកទៅផ្សាភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ដោយសារពួកគេសំឡឹងមើលឃើញនូវសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច៕