(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បានទាត់ចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូន លើរោងចក្រប្រេងចំនួនពីរ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «ការចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីការវាយប្រហារនេះ គឺជាទង្វើមិនអាចទទួលយកបាន និងគ្មានមូលដ្ឋានទាល់តែសោះ»។ ដោយឡែកជុំវិញភាពតានតឹងនេះដែរ ក្រសួងបរទេសចិនបានអះអាងថា ការចោទប្រកាន់ដោយមិនមានការស៊ើបអង្កេត គឺជាទង្វើគ្មានការទទួលខុសត្រូវ ហើយទីក្រុងប៉េកាំងប្រឆាំងនឹងរាល់សកម្មភាពទាំងឡាយណា ដែលបង្កមានឱ្យជម្លោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ រោងចក្រប្រេងចំនួនពីររបស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត អារ៉ាមកូ (Aramco) បានរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យន្ដហោះដ្រូន ខណៈក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង បានចេញអះអាងទទួលខុសត្រូវលើការវាយប្រហារនេះ។ ប៉ុន្តែសហរដ្ឋអាមេរិកបានចង្អុលមុខចំៗតែម្ដងថា អ៊ីរ៉ង់ទើបជាអ្នកត្រូវទទួលខុសត្រូវ៕