(ញូដេលី)៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃចន្ទនេះ នៅតែបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកមនុស្ស ៣៩នាក់ ដែលបានបាត់ខ្លួនក្រោយហេតុការណ៍ក្រឡាប់លិចទូកដឹកភ្ញៀវទេសចរមួយគ្រឿង នៅឯទន្លេ Godavari ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ហេតុការណ៍ក្រឡាប់លិចទូកខាងលើកើតឡើងកាលពីថ្ងៃអាទិត្យ នៅឯទន្លេ Godavari ស្ថិតនៅរដ្ឋ Andhra Pradesh ភាគខាងត្បូងនៃប្រទេស ហើយក្រោយគ្រោះថ្នាក់នេះដែរ សាកសពមនុស្ស៨នាក់ ត្រូវបានគេស្រង់ចេញពីទឹក។ ប៉ុន្តែ មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌាមិនទាន់បញ្ជាក់លម្អិតពីមូលហេតុ ដែលបណ្ដាលឱ្យទូកខាងលើលិចនៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ខ្លះអះអាងថាទូកនេះមិនមាន អាជ្ញាប័ណ្ណ ឬការអនុញ្ញាតឱ្យដឹកភ្ញៀវទេសចរនោះទេ។

គួរជម្រាបថា បើតាមអាជ្ញាធរឥណ្ឌា ទូកខាងលើមានផ្ទុកមនុស្ស៧៣នាក់ ហើយក្នុងនោះ២៦នាក់ត្រូវបាន ជួយសង្រ្គោះទាន់ពេលវេលា។ ដោយឡែក ក្រុមអ្នកជួយសង្រ្គោះជាង ៣០០នាក់ នៅតែបន្តប្រតិបត្តិការ ជួយសង្រ្គោះដោយមានការគំាទ្រពីទូកជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រ មួយគ្រឿងផងដែរ៕