(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន មានភាពរឹង មាំយ៉ាងខ្លាំងក្រៃលែង ដែលពុំមានប្រទេសទីបីណា អាចមកបំបែកបំបាក់បានឡើយ។ នេះបើតាមការដកស្រង់ការផ្សយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

តាមរយៈការផ្តល់កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានរុស្ស៊ី Trud ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Lavrov បានលើកឡើងដូច្នេះថា «ទំនាក់ទំនងទ្វេភាគីរុស្ស៊ី-ចិន មានភាពរឹងមាំខ្លាំង ដែលគ្មានកម្លាំងទីបីណាអាចមកបំផ្លាញបានឡើយ» ។ បើតាមលោក Lavrov ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចេញសេចក្តី ថ្លែងការណ៍រួមមួយកាលពីខែមិថុនាកន្លងទៅ ដែលមានកំណត់នូវគោលដៅនាថ្ងៃអនាគត សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។

គួរជម្រាបថា លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានប្រាប់ទៀតថា កិច្ចប្រជុំសរុបទាំងអស់ពី៤០ទៅ៥០លើក ត្រូវបានប្រារព្ធឡើងជា រៀងរាល់ឆ្នាំ រវាងរដ្ឋាភិបាលម៉ូស្គូ និងរដ្ឋាភិបាលប៉េកាំង ក្នុងកម្រិតអនុរដ្ឋមន្រ្តី ក៏ដូចជាក្នុងកម្រិតប្រធាននាយកដ្ឋានផ្សេងៗ ដែលពាក់ព័ន្ធ។ លោក Lavrov ក៏បានស្ងើចសរសើរនូវការធ្វើប្រាស្រ័យទាក់ទងគ្នាយ៉ាងញឹកញាប់រវាងក្រុមមន្រ្តីកិច្ចការទូតរុស្ស៊ី និងចិន នៅជុំវិញ ពិភពលោក ព្រមទាំងការទាក់ទងគ្នាជាប្រចាំរវាងប្រតិភូប្រទេសទាំងពីរ នៅលើវេទិកាអន្តរជាតិជាច្រើនផងដែរ៕