(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលពន្យារ​ពេលអនុវត្តផែនការដំឡើងពន្ធនៅខែក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយថា ចិន​ស្វាគមន៍ការសម្រេចចិត្តរបស់ភាគអាមេរិក ហើយសង្ឃឹមថាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងឆ្ពោះទៅរកគោលដៅ​តែមួយដូចគ្នា ដើម្បីរៀបចំខ្លួនសម្រាប់ការបើកជុំថ្មីនៃកិច្ចចរចាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅខែតុលា។

គួរជម្រាបថា យោងតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានយល់ព្រមពន្យារ​ពេលអនុវត្តផែនការដំឡើងពន្ធលើទំនិញចិនសរុបជាទឹកប្រាក់២៥០ពាន់លានដុល្លារ ដោយលើកពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាវិញ ដើម្បីជាកាយវិការនៃចេតនាល្អ។

លោក ត្រាំ បន្ថែមថា ការពន្យារពេលផែនការដំឡើងពន្ធនេះ ធ្វើឡើងតបតាមសំណើរបស់ ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ និងដោយសារតែចិនត្រូវប្រារព្ធខួបលើកទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលាខាងមុខនេះ។ រីឯចិនក៏បានប្រកាសផងដែរ នូវការលើកលែងពីការដឡើងពន្ធបន្ថែម សម្រាប់ផលិតផលនាំចូលពីសហរដ្ឋអាមេរិកចំនួន ១៦មុខ ដើម្បីសម្រួលដល់កិច្ចចរចាពាណិជ្ជកម្ម រវាងក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅដើមខែតុលាខាងមុខនេះ នៅទីក្រុងវ៉ាស៊ីនតោន៕