Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ សន្យាសំពងក្រុមតាលីបង់ ឱ្យចាស់ដៃ ចំថ្ងៃខួបមហាភេរវកម្ម ១១/កញ្ញា (Video inside)

12-09-2019 15:20

(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងវាយសំពងក្រុមតាលីបង់ ឱ្យ បានចាស់ដៃជាទីបំផុតមិនធ្លាប់មានពីមុនមក ខណៈសហរដ្ឋអាមេរិកប្រារព្ធខួបលើកទី១៨ នៃមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលរុញឱ្យទីក្រុងវ៉ាស៊ីនតោន ប្រឡូកចូលក្នុង សង្រ្គាមជាមួយអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការសន្យាបែបនេះ កំឡុងពេលថ្លែងសារនៅឯមន្ទីរបញ្ចកោណ ក្នុងពិធីគោរព វិញ្ញាណក្ខន្ធជនរងគ្រោះជិត ៣,០០០នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ ថ្លែងនាឱកាសនោះ លោក ត្រាំ ក៏បានប្រកាសដែរពីការបើកប្រតិបត្តិការយោធាទ្រង់ទ្រាយ ធំបំផុតមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងក្រុមតាលីបង់ ជាមួយការបញ្ជាក់ថាក្នុងរយៈពេល៤ឆ្នាំចុង ក្រោយនេះ ពោលគឺក្នុងអាណត្តិរបស់លោក សហរដ្ឋអាមេរិកបានវាយប្រហារលើសត្រូវរបស់ខ្លួន យ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់ ហើយការវាយប្រហាររបៀបនេះនឹងត្រូវបន្តធ្វើឡើង។

គួរបញ្ជាក់ថា ការព្រមានខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីលោកផ្ទាល់បានលុបចោល កិច្ចចរចាស្វែងរកសន្តិភាពជាមួយក្រុមតាលីបង់ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមេដឹកនាំ ក្រុមអាល់កៃដា Ayman al-Zawahiri ចេញវីដេអូអំពាវនាវឱ្យអ្នកស្មោះស្ម័គ្រនឹងក្រុមខ្លួន បើក ការវាយប្រហារលើសហរដ្ឋអាមេរិក៕