(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានយល់ព្រមអនុម័តហើយ លើសំណើរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការរឹតបន្តឹងការស្នើសុំសិទ្ធិជ្រកកោន ពីជនអន្តោប្រវេសន៍ នៅឯតំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមតុលាការកំពូលអាមេរិក ការរឹតបន្តឹងខាងលើដែលតម្រូវឱ្យជនអន្តោប្រវេសន៍ទាំងអស់ ស្នើសុំសិទ្ធិជ្រកោននៅក្នុងប្រទេសដទៃដែលពួកគេឆ្លងកាត់ មុននឹងចូលមកក្នុងសហរដ្ឋអាមេរិក នឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនធំ បានថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការនេះ ដោយពួកគេយល់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការស្នើសុំសិទ្ធិជ្រកកោន និងរំលោភលើសិទ្ធិរបស់ជនអន្តោប្រវេសន៍។

គួរជម្រាបថា ការរឹតបន្តឹងលើការស្នើសុំសិទ្ធិជ្រកកោន នឹងមិនត្រូវបានអនុវត្តឡើយ លើជនរងគ្រោះនៃការជួញដូរមនុស្ស ឬក៏ជនអន្តោប្រវេសន៍ត្រូវបានគេបដិសេធ នៅក្នុងប្រទេសដទៃដែលពួកគេឆ្លងកាត់។ ពោលគឺក្រោមច្បាប់នេះ រដ្ឋាភិបាលអាមេរិកអាចបដិសេធផ្ដល់សិទ្ធិជ្រកកោនដល់នរណាម្នាក់ ដែលមិនបានដាក់ពាក្យស្នើសុំ សិទ្ធិជ្រកកោននៅក្នុងប្រទេសដទៃជាមុនសិន បន្ទាប់ពីពួកគេរត់ភៀសខ្លួនពីប្រទេសកំណើតរបស់ខ្លួន មុននឹងចូលមកកាន់សហរដ្ឋអាមេរិក៕