(តូក្យូ)៖ ក្រោយត្រូវបានតែងតាំងឲ្យឡើងកាន់តំណែង ជារដ្ឋមន្រ្តីបរិស្ថានថ្មីរបស់ជប៉ុនភ្លាម លោក កូអ៊ីហ្សូមិ ហ្ស៊ីនជីរ៉ូ (Koizumi Shinjiro) បានបង្ហាញការយល់ឃើញរបស់លោកថា ប្រទេសជប៉ុនគួរតែបិទទ្វាររោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់ខ្លួន ដើម្បីបញ្ចៀសគ្រោះ មហន្តរាយដូចនៅ ហ្វូគូស៊ីម៉ា (Fukushima) កាលពីឆ្នាំ២០១១។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងឱកាសនៃការធ្វើសន្និសីទកាសែតលើកដំបូង កាលពីយប់ថ្ងៃពុធ បន្ទាប់ពីលោកត្រូវបាននាយករដ្ឋមន្រ្តីលោក អាបេ ស៊ីនហ្សូ តែងតាំងជារដ្ឋមន្រ្តីបរិស្ថានជប៉ុន ដែលជាផ្នែកនៃការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំ លោក Koizumi Shinjiro បាននិយាយថា «ខ្ញុំចង់សិក្សាពីមធ្យោបាយនានា ដើម្បីបិទទ្វាររោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសជប៉ុន មិនមែនដើម្បីបន្តរក្សាពួកវានោះទេ»

គួរជម្រាបថា ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ០៣ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) របស់ក្រុមហ៊ុនអគ្គិសនីជប៉ុន Tokyo Electric Power បានរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយសារមហាគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ និងបានផ្តាច់ជីវិតមនុស្ស ២០,០០០នាក់។ បន្ថែមពីនេះវាបានធ្វើឲ្យសាយភាយជាតិវិទ្យុសកម្ម ដែលបង្ខំឲ្យប្រជាជនជប៉ុន ១៦០,០០០នាក់ ត្រូវជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។

បច្ចុប្បន្ននេះម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរភាគច្រើនរបស់ជប៉ុន កំពុងឆ្លងកាត់ដំណើរការត្រួតពិនិត្យឡើងវិញ នៅក្រោមស្តង់ដាសុវត្ថិភាពថ្មី ដែលត្រូវបានដាក់ចេញក្រោយមហន្តរាយនៅ Fukushima។ នាពេលនេះ ជប៉ុនមានរ៉េអាក់ទ័រត្រឹមតែ ០៦គ្រឿងប៉ុណ្ណោះដែលកំពុងធ្វើប្រតិបត្តិការ ខណៈមុនពេលកើតមានគ្រោះមហន្តរាយឆ្នាំ២០១១ ជប៉ុនមានរហូតដល់ ៥៤គ្រឿង។

អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក កូអ៊ីហ្សូមិ ជូនីជីរ៉ូ (Koizumi Junichiro) ដែលជាឪពុកលោក Koizumi Shinjiro ក៏មានគោលជំហរប្រឆាំងនឹងវិស័យ ថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុនដែរ ចាប់តាំងតែពីកើតមានវិបត្តិគ្រោះមហន្តរាយនុយក្លេអ៊ែរ នៅ Fukushima កាលពីឆ្នាំ២០១១ នោះ៕