(តេហេរ៉ង់)៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ស្វាគមន៍ចំពោះការបណ្ដេញទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ចន បូលតុន (John Bolton) ចេញពីតំណែង ពីព្រោះការសម្រេចចិត្តនេះនឹង ទប់ស្កាត់កុំឱ្យសង្គ្រាមផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះលើ Twitter អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក អាលី រ៉ាប៊ីអេ (Ali Rabiei) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាលពីប៉ុន្មានខែមុនលោក ចន បូលតុន បានសន្យាថា នឹងលុបអ៊ីរ៉ង់ចេញពីផែនទីពិភពលោកក្នុងរយៈពេលបីខែ ប៉ុន្តែឥលូវយើងនៅតែឈរនៅទីនេះ តែលោកបែរជាត្រូវបណ្ដេញចេញពីតំណែងទៅវិញ។ ដូច្នេះយើងយល់ថា ការបណ្ដេញលោក បូលតុន ពីតំណែងគឺជាការទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង ហើយវានឹងជួយឱ្យសហរដ្ឋអាមេរិក យល់ ឬស្គាល់ពីអ៊ីរ៉ង់កាន់តែច្បាស់»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះបានបណ្ដេញលោក ចន បូលតុន ចេញពីតំណែង ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងអ៊ីរ៉ង់ កូរ៉េខាងជើង និងអាហ្វហ្គានីស្ថានជាដើម។ លោក ចន បូលតុន គឺត្រូវបានគេស្គាល់ថា ជាបុគ្គលដ៏សំខាន់ ដែលបានជម្រុញឲ្យអតីតប្រធានាធិបតីលោក ចន ដាប៊ែលយូ ប៊ូស វាយប្រហារប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣៕