(ប៉េកាំង)៖ គ្រឿងសម្ភារៈប្រើប្រាស់បុរាណមួយឈុតធ្វើពីលង្ហិន ត្រូវបានចិនយកពីប្រទេសជប៉ុនមកវិញ ក្រោយការចរចាគ្នាជាយូរមកហើយ ដោយវត្ថុទាំងនេះមានអាយុកាលខ្ទង់ ២,៥០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

អនុប្រធានស្ថាប័នមរតកវប្បធម៌ជាតិរបស់ប្រទេសចិន លោក ក្វាន់ ជាំង (Guan Qiang) បានឲ្យដឹងថា សម្ភារៈបុរាណនោះត្រូវបានប្រគល់មកដល់ប្រទេសចិន កាលពីថ្ងៃទី២៣ ខែសីហា ក្រោយពីការប្រឹងប្រែងពីអាជ្ញាធរពាក់ព័ន្ធរបស់ចិន អស់រយៈពេលជាច្រើនខែ ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន។

គួរជម្រាបថា យោងតាមក្រុមអ្នកស្រាវជ្រាវ វត្ថុបុរាណធ្វើពីលង្ហិនទាំងនោះ គឺជារបស់ដែលត្រូវគេលួចចេញពីផ្នូរបុរាណៗ និងមានអាយុកាលតាំងពីយុគសម័យចន្លោះ ៧៧០ឆ្នាំ ទៅ ៤៧៦ឆ្នាំមុនគ្រិស្តសករាជ ហើយស្ថិតនៅលើក្រុង សួយចូវ (Suizhou) ខេត្តហ៊ូបៃ (Hubei) ភាគកណ្តាលប្រទេសចិន។ ពួកវាបានឆ្លងទៅដល់ប្រទេសជប៉ុន តាមរយៈការលួចជួញដូរដោយខុសច្បាប់៕