(តូក្យូ)៖ ក្រុមផលិតថាមពលអគ្គិសនីជប៉ុន Tokyo Electric Power នឹងត្រូវបង្ខំចិត្តបង្ហូរទឹកផ្ទុកដោយសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushiama) របស់ខ្លួន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារតែលែងមានកន្លែងស្តុកទុកទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ រដ្ឋមន្រ្តីបរិស្ថានជប៉ុនលោក ហារ៉ាដា យូស៊ីគិ (Harada Yoshiki) បាននិយាយថា បើតាមការយល់ឃើញរបស់លោក ជប៉ុនមានជម្រើសតែមួយគត់ នោះគឺត្រូវបង្ហូរទឹកដែលផ្ទុកសារធាតុវិទ្យុសកម្ម ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន ក្រោយទទួលបានរបាយការណ៍ពីក្រុមអ្នកជំនាញ។

គួរជម្រាបថា ក្រុមហ៊ុន Tokyo Electric Power ឬ Tepco បានស្តុកទុកទឹកដែលផ្ទុកសារធាតុវិទ្យុសកម្មចំណុះជាង ១លានតោនដែលប្រើប្រាស់ ដើម្បីទប់ស្កាត់កុំឲ្យស្នូលឥន្ធនៈនុយក្លេអ៊ែរនៃរោងចក្រ Fukushiama រលាយ ចាប់តាំងតែពីរោងចក្រនុយក្លេអ៊ែរនេះ បានរងការបំផ្លិចបំផ្លាញដោយសាររញ្ជួយដី និងរលកស៊ូណាមិឆ្នាំ២០១១ ដែលកាលណោះបានផ្តាច់ជីវិតមនុស្សខ្ទង់ ២០,០០០នាក់៕