(ម៉ូស្គូ)៖ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីប្រទេសហ្វាំងឡង់ រុស្ស៊ី ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានរកឃើញវិធីសាស្ត្រមួយ ដែលអាចបំបែក និងធ្វើឱ្យម៉ូលេគុលវីរុស HIV លែងមានសកម្មភាព ឬមានន័យថា វាអាចរាំងខ្ទប់មិនឲ្យមេរោគ HIV វិវត្តន៍ទៅជាជំងឺអេដស៍បាន។ នេះបើតាមលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យ សោតស៍យូរ៉ាល់ស្តេត (South Urals State University ឬ SUSU) ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន SUSU បានឱ្យដឹងទៀតថា វិធីសាស្ត្រខាងលើបានបង្ហាញពី សមាសធាតុផ្សំទាំងមូលមួយ ដែលត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺផ្សេងៗ ក្នុងនោះរួមមានទាំងជំងឺមហារីក និងវីរុស HIV។ ដោយឡែកលោកសាស្ត្រាចារ្យ អូឡេក រ៉ាឃីទីន (Oleg Rakitin) ដែលជាអ្នកសា្រវជ្រាវម្នាក់ ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវចម្រុះជាតិសាសន៍ខាងលើ ក៏បានពន្យល់ដែរថា សមាសធាតុផ្សំដែលបានរកឃើញនេះ គឺវាអាចបំបែកអាតូមស័ង្កសី (zinc atom) ចេញពីម៉ូលេគុលវីរុស ហើយធ្វើឱ្យវីរុសនោះលែងមានសកម្មភាពតែម្ដង។

លោក Rakitin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាលពីដំបូងឡើយ ពួកគេគ្រាន់តែស្វែងរកថ្នាំ និងវិធីសាស្រ្តព្យាបាលជំងឺមហារីកតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកពួកយើងបានរកឃើញថា សមាសធាតុទាំងនេះក៏មានសមត្ថភាព និងប្រសិទ្ធខ្ពស់ក្នុងការប្រឆាំងនឹងវីរុស HIV ផងដែរ»។ លោក Rakitin បានបន្ថែមថា ក្រុមអ្នកសា្រវជ្រាវនឹងបន្តការសិក្សាស្រាវជា្រវបន្ថែមទៀត ដើម្បីកំណត់ថាតើមានជំងឺ ឬវីរុសណាផ្សេងទៀតអាចព្យាបាលបានតាមវិធីសាស្ត្រ ដែលពួកគេរកឃើញដែរ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា បើតាមកម្មវិធីប្រឆាំងជំងឺអេដស៍ និង HIV របស់អង្គការសហប្រជាជាតិ UNAIDS មានមនុស្ស ៣៧.៩លាននាក់កំពុងរស់នៅជាមួយវីរុស HIV ខណៈ ១.៧លាននាក់បានឆ្លងវីរុសមួយនេះកាលពីឆ្នាំ២០១៨។ UNAIDS មានគោលដៅលុបបំបាត់វីរុស HIV ទាំងស្រុងនៅត្រឹមឆ្នាំ២០៣០៕