លោក ដូណាល់ ត្រាំ បង្ហោះរូបថតយន្តហោះ Air Force One ដែលប៊ិះត្រូវរន្ទះបាញ់ (Video inside)
10-09-2019 10:37
(វ៉ាស៊ីនតោន)៖ យន្ដហោះ Air Force One របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ទើរតែជិតត្រូវរន្ទះបាញ់ទៅហើយ ក្រោយចុះចតនៅឯអាកាសយានដ្ឋានកងម៉ារីន ឈើរី ភាញ់ (Cherry Point) រដ្ឋណតស៍ខារ៉ូលីណា (North Carolina) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសារបង្ហោះមួយលើ Twitter លោក ដូណាល់ ត្រាំ ក៏បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីយន្ដហោះ Air Force One របស់លោកជិតត្រូវរន្ទះបាញ់ផងដែរ ខណៈវាកំពុងរត់នៅលើផ្លូវនៅឯអាកាសយានដ្ឋានកងម៉ារីន Cherry Point ហើយលោកថែមទាំងសរសេរដូច្នេះដែរថា «វាគឺជារឿងដ៏អស្ចារ្យ» ទៀតផង។
គួរជម្រាបថា ឥទ្ធិពលព្យុះហឺរីខិនដូរៀន (Hurricane Dorian) បានបង្ខំឱ្យយន្ដហោះ Air Force One ប្ដូរគោលដៅហោះហើរទៅកាន់ទីក្រុង ហ្វាយ៉េតវីល (Fayetteville) វិញ ហើយលោក ត្រាំ មិនត្រូវបានគេអនុញ្ញាតឱ្យចេញពីយន្ដហោះឡើយ៕