(តូក្យូ)៖ ព្យុះទីហ្វុងកំណាចមួយ ដែលបានវាយប្រហារទីក្រុងតូក្យូនៃប្រទេសទាំងយប់នោះ បានឆក់យកជីវិតមនុស្សម្នាក់ហើយនៅថ្ងៃចន្ទនេះ ខណៈមធ្យោយបាយធ្វើដំណើរតាមរថភ្លើង និងជើងហោះហើរជាង ១០០ ទាំងចាកចេញ និងមកកាន់ទីក្រុងតូក្យូ ត្រូវផ្អាកជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

ព្យុះទីហ្វុងដែលមានឈ្មោះថា ហ្វាសៃ (Faxai) បានបក់បោកមកលើទីក្រុងតូក្យូ ក្នុងល្បឿនខ្យល់ ២០៧គីឡូម៉ែត្រក្នុងមួយម៉ោង និងបានធ្វើឲ្យមានបំណាក់ដីនៅតំបន់ជីបា (Chiba) ស្ថិតនៅភាគខាងកើតទីក្រុងផងដែរ ចាប់តាំងពីពេលទៀបភ្លឺមកម្ល៉េះ។ សម្រាប់ប្រជាជនជប៉ុនម្នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងព្យុះភ្លៀងនោះគឺជាស្ត្រីវ័យជាង ៥០ឆ្នាំរស់នៅក្នុងទីក្រុងតូក្យូ ខណៈមនុស្សជាង ៣០នាក់ទៀតបានរងរបួស (ម្នាក់របួសធ្ងន់ធ្ងរខ្លាំង)។

គួរបញ្ជាក់ថា ការជម្លៀសខ្លួនដោយមិនកំណត់ពេលវេលា ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះតែម្តង ចំពោះប្រជាជនប្រមាណ ៣៤០,០០០នាក់ ហើយមកទល់នឹងពេលនេះមនុស្សទើបតែជាង ២,០០០នាក់ប៉ុណ្ណោះ ដែលបានមកដល់ទីជម្រកបណ្តោះអាសន្ន។ ដោយឡែកមនុស្សជាង ៩៣០,០០០នាក់ កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ជាពិសេសគឺនៅទីក្រុង កាម៉ូហ្គាវ៉ា (Kamogawa) ដែលអគ្គិសនីបានដាច់ទូទាំងក្រុងតែម្តង៕