Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចានតេឡេស្កូបយក្សចិន ចាប់បានរលកសញ្ញាចម្លែក ជះមកពីទីអវកាសជាលើកដំបូង!

09-09-2019 13:54

(ប៉េកាំង)៖ ក្រុមតារាវិទូចិនបានប្រទះឃើញរលកសញ្ញាអាថ៌កំបាំងគេហៅថា FRB (Fast Radio Burst ឬបំផ្ទុះរលកវិទ្យុសកម្មដ៏លឿន) តាមរយៈការប្រើប្រាស់ចានតេឡេស្កូបយក្ស FAST ដែលស្ថិតនៅក្នុងខេត្តគួយចូវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

រលកសញ្ញានោះត្រូវគេជឿជាក់ថា មានប្រភពមកពីចម្ងាយយ៉ាងហោចណាស់ក៏ ៣ពាន់លានឆ្នាំពន្លឺផែនដីដែរ។ រលកសញ្ញា FRB គឺជាប្រធានបទដ៏សំខាន់បំផុត នៅក្នុងវិស័យតារាសាស្រ្តលើពិភពលោកយើង ដោយវាត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញ ជាលើកដំបូងបំផុតកាលពីឆ្នាំ២០០៧ ហើយមកទល់សព្វថ្ងៃនេះគឺមិនដល់ ១០០ឡើយ ដែលត្រូវបានរកឃើញ។

គួរជម្រាបថា ការប្រទះឃើញរលកសញ្ញា FRB ដោយ FAST គឺជាលើកដំបូងហើយរបស់ចានឡេស្កូបយក្សនេះ។ យ៉ាងណាមិញ រហូតមកទល់បច្ចុប្បន្ន ពុំទាន់អាចមានការស្រាវជ្រាវរកឃើញ និងការបកស្រាយច្បាស់ អំពីប្រភពដើមដែលបញ្ចេញរលកសញ្ញាដ៏ អាថ៌កំបាំងនេះនៅឡើយទេ ខណៈអង្គការ NASA របស់អាមេរិកវិញក៏បានត្រឹមធ្វើការសន្និដ្ឋានដូចគ្នាអំពីរឿងនេះ៕