(ឆាងអាន-ចិន)៖ ក្នុងគោលដៅទាក់ទាញកំណើនទេសចរណ៍ និងដើម្បីជំរុញការការពារបរិស្ថាន រដ្ឋាភិបាលចិន បានយកកង់ធ្វើជាមធ្យោបាយ ដើម្បីឱ្យភ្ញៀវទេសចរនានា ជិះទស្សនាកម្សាន្ត លើជញ្ជាំងទីក្រុងបុរាណ (Ancient City Wall) នៅទីក្រុងឆាងអាន។

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះដែរ ចិនបានរៀបចំកម្មវិធីស្វាគមន៍យ៉ាងអធិកអធមមួយ ដោយឱ្យប្រតិភូព័ត៌មាន មកពី១៨ប្រទេស ដែលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជិះកង់ទស្សនាជញ្ជាំងទីក្រុងបុរាណ ក្រោមប្រធានបទ ផ្លូវសូត្រពណ៌បៃតង និងដួងព្រលឹង នៃទំនាក់ទំនង ប្រជាជននិងប្រជាជន។

Ancient City Wall មានប្រវែងប្រមាណ ៣០គីឡូម៉ែត្រ ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៣៧០ ដើម្បីការពារសត្រូវ កាលពីអតីតកាលរបស់ចិន។ សព្វថ្ងៃនេះ Ancient City Wall បានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ របស់ទីក្រុងឆាងអាន។ ជាពិសេសនោះ មានប្រជាជនចិនជាច្រើន បានមកថតរូប Pre-wedding នៅទីនេះផងដែរ។

លោក Zhang Lin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការផ្សាយជាសាធារណៈ បានរៀបរាប់ត្រួសៗ ពីប្រវត្តិសាស្ត្ររបស់ចិន និងការកែប្រែទីក្រុងឆាងអាន ឱ្យក្លាយជាតំបន់ទេសចរណ៍ ដ៏សំខាន់មួយនេះ។ លោកបានថ្លែងជំរុញដល់អ្នកព័ត៌មាន ជួយផ្សព្វផ្សាយពី Ancient City Wall ឱ្យបានខ្លាំងក្លាបំផុត។

ឆាងអាន (X'ian) គឺជាទីក្រុងដ៏ធំមួយ នៅកណ្តាលប្រទេសចិន និងជារដ្ឋធានីរបស់ខេត្តស្ហានឆី (Shaanxi) និងធ្លាប់ជារាជដំណាក់របស់រាជវង្សចិនជាច្រើន មានដូចជា ស្តេចស៊ូ ស្តេចឈិន ស្តេចហាន និងស្តេចតាំង។ វាគឺទឹកដីដ៏ចំណាស់មួយ ដែលធ្វើឱ្យមនុស្សជាតិលើពិភពលោក ចង់ទស្សនាទីកន្លែង ដ៏ស្រស់ត្រកាលមួយនេះយ៉ាងខ្លាំងផងដែរ។

បើគេចេញដំណើរពីទីក្រុងប៉េកាំង តាមរថភ្លើងល្បឿនលឿន (High-express Train) ត្រូវចំណាយពេលជាង ៥ម៉ោងឯណោះ ទម្រាំតែដល់ឆាងអាន ខណៈល្បឿនរបស់រថភ្លើងគឺ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមដងផ្លូវ គេអាចទស្សនា ផ្ទាំងទស្សនីយភាពកសិកម្មដ៏អស្ចារ្យ មានផ្ទៃពណ៌ខៀវស្រងាត់។

ទោះបីជាការធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែអ្នកទេសចរច្បាស់ជាមិនជិនណាយ និងធុញទ្រាន់ឡើយ ចំពោះទឹកដីមហាយក្សចិនមួយនេះ។ ផ្ទៃមេឃស្រទុំៗ ក៏បានញុំាងអារម្មណ៍អ្នកទេសចរ ឱ្យដើរកម្សាន្តដោយមិននឿយហត់ផងដែរ។

សូមបញ្ជាក់ថា គណៈកម្មការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអង្គភាពព័ត៌មាន មកពី១៧ប្រទេសផ្សេងទៀត ឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ក្រៅពីកម្ពុជា មាន១៧ប្រទេសទៀត ដែលមកធ្វើទស្សនកិច្ចនៅប្រទេសចិន ក្រោមប្រធានបទ Medea Delegation របស់ SCO។ ប្រទេសទាំងនោះ រួមមាន ចិន (អ្នករៀបចំកម្មវិធី) ឥណ្ឌា កាហ្សាក់ស្ថាន Kyrgy ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន Uzbekistan អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង ម៉ុងហ្គោលី អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី ស្រីឡាងកា។

ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។ SCO ត្រូវបានប្រកាសឡើងដោយ កតិកាសញ្ញាមួយ នៅឆ្នាំ២០០១ ក្រោមគំនិតផ្តួចផ្ដើមរបស់ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០២ ហើយត្រូវបានចូលជាធរមាន នៅឆ្នាំ២០០៣។

បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។ ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលីចំណែកឯ ប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា៕