(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកនឹងរក្សាកងទ័ពចំនួន ៨,៦០០នាក់ ឲ្យបន្តឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលដែលកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមតាលីបង់ ត្រូវសម្រេចបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

កំឡុងការផ្តល់បទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បានលើកឡើងថា ចំនួនកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន នឹងត្រូវរក្សានៅកម្រិត៨,៦០០នាក់ នៅពេលដែលប្រទេសលោកសម្រេចបានកិច្ចព្រមព្រៀងជាមួយតាលីបង់ ពោលគឺសហរដ្ឋអាមេរិក នឹងនៅតែមានវត្តមានកងទ័ពជាអចិន្រ្តៃយ៍នៅទីនោះ។ បច្ចុប្បន្ន អាមេរិកមានទ័ពប្រហែល១៤,០០០នាក់ នៅអាហ្វហ្គានីស្ថាន។

គួរជម្រាបថា ក្នុងសប្តាហ៍នេះ ក្រុមតាលីបង់បានអះអាងថា ខ្លួនជិតសម្រេចបានកិច្ចព្រមព្រៀង ចុងក្រោយជាមួយសហរដ្ឋអាមេរិកហើយ ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបន្តមកអស់រយៈពេល១៨ឆ្នាំមកនេះ ខណៈភាគីបានជួបចរចាគ្នាជាបន្តបន្ទាប់នៅប្រទេសកាតា ក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានាកុំឱ្យប្រទេសមួយនេះធ្លាក់ក្នុងកណ្ដាប់ដៃ ក្រុមជ្រុលនិយម៕