(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមពាណិជ្ជកម្មឡើងកម្ដៅកាន់តែខ្លាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈប់ហៅប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថាជា «មិត្តម្នាក់» របស់លោកទៀតហើយនៅលើ Twitter ដោយនៅពេលនេះលោកបានប្រើពាក្យ «សត្រូវ» ជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះលើ Twitter ដែលមានអ្នកតាមមើលជាង ៦០លាននាក់ លោក ដូណាល់ ត្រាំ បានចោទជាសំណួប្រៀបធៀបមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានធនាគារកណ្ដាលអាមេរិក លោក ជែរ៉ូម ផូវែល (Jerome Powell)។ លោក ត្រាំ បានលើកឡើងយ៉ាងខ្លីដូច្នេះថា «សំណួរតែមួយគត់របស់ខ្ញុំនោះគឺ តើនរណាគឺជាសត្រូវដ៏ធំរបស់យើង លោក Jay Powell ឬលោកប្រធាន ស៊ី»។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចិននៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសពីគម្រោងដំឡើងពន្ធពី ៥-១០ភាគរយ លើផលិតផលចិនមានតម្លៃ ៧៥ពាន់លានដុល្លារ។ ប៉ុន្តែបន្ទាប់ពីនោះ លោក ត្រាំ ក៏បានប្រកាសពីគម្រោងដំឡើងពន្ធ លើផលិតផលចិនមានតម្លៃសរុបជាង ៥៥០ពាន់លានដុល្លារ ជាការសងសឹកវិញផងដែរ ដោយក្នុងនោះការដំឡើងពន្ធពី ២៥-៣០ភាគរយ លើផលិតផលចិនមានតម្លៃ ២៥០ពាន់លានដុល្លារ និងពី ១០-៥ភាគរយ លើផលិតផលចិនមានតម្លៃ ៣០០ពាន់លានដុល្លារផ្សេងទៀត៕