(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលកំពុងក្លាយជាផ្ទាំងស៊ីបនៃការ រិះគន់ពីគ្រប់ទិសទីទាំងក្នុងស្រុក និងក្រៅស្រុកជុំវិញបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ដែលបាននិងកំពុងរីករាលដាលអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនោះ នៅពេលនេះបានសម្រេច ដាក់បញ្ជាឲ្យកងទ័ព ចេញប្រតិបត្តិការជួយពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយមកជាង ៣សប្តាហ៍នោះហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។

បទបញ្ជារបស់ប្រធានាធិបតីប្រេស៊ីលខាងលើនេះ ក៏ត្រូវបានចេញផ្សាយតាមរយៈ កាសែតរដ្ឋផងដែរដោយក្នុងនោះបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធនឹងត្រូវចេញ ប្រតិបត្តិការចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃ ឲ្យបានសម្រេចនៅក្នុងកំឡុងពេល១ខែនេះ។ កងទ័ពប្រេស៊ីល (មិនទាន់បញ្ជាក់ចំនួន) នឹងត្រូវបញ្ជូនទៅកាន់ទីតាំងនានា ដែលកំពុងកើតមានភ្លើងឆេះនៅទូទាំងតំបន់ព្រៃ Amazon ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុត និងផ្គត់ផ្គង់អុកស៊ីហ្សែន ២០% សម្រាប់ផែនដី។

គួរបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញរបស់ប្រេស៊ីល កងទ័ពអាចចេញប្រតិបត្តិការបានលុះត្រាណាតែ ស្ថានការណ៍មានសភាពវឹកវរខ្លាំង ឬនឹងបង្កទៅជាបញ្ហាអសន្តិសុខជាតិធ្ងន់ធ្ងរ តាមរយៈក្រឹត្យដែលចេញដោយប្រធានាធិបតីផ្ទាល់។ ភ្លើងឆេះព្រៃរហូតដល់ទៅជាង ៧២,០០០កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩នេះ ហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាលគឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។

អាត្រានៃការឆាបឆេះព្រៃឈើនេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕